ដំណឹងល្អ! សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៏ថា មនុស្ស៤១ម៉ឺននាក់ នឹងទទួលការចាក់វ៉ាក់សាំង COVID-19 មុនគេ

(ភ្នំពេញ)៖ យ៉ាងហោចណាស់ពលរដ្ឋខ្មែរប្រមាណជាង៤១ម៉ឺននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃមុនដំបូងគេនៅកម្ពុជា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាគ្រោងបញ្ជាទិញចំនួន១លានដុស។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លៃងបែបនេះនៅក្នុងឱកាសថ្លែង សារ ពិសេសផ្ញើជនរួមជាតិ ពាក់ព័ន្ធជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅគេហដ្ឋានរបស់សម្ដេច។

តាមការប្រកាសរបស់ប្រមុខរដ្ឋាភិបាលខាងលើបានឲ្យដឹងថា សម្រាប់ប្រជាជនដែលមានអាទិភាពមុនគេ ក្នុងការទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ នៅក្នុងដំណាក់កាលដំបូងនេះរួមមាន៖ «អ្នកប្រមូលសម្រាម អ្នកបើកបរ អ្នកដឹកជញ្ជូន មានបុព្វជិតសាសនា កីឡាករកីឡាការិនី កងទ័ព នគរបាល មន្ត្រីអប់រំ សុខាភិបាល មន្រ្តីពន្ធដារ មន្រ្តីគយ រដ្ឋករ មន្រ្តីផ្នែកតុលាការ តុលាការកំពូល ឧទ្ធណ៍ រាជធានីខេត្ត មេធាវី មន្រ្តីពន្ធនាគារ មន្រ្តីឧទ្យានរក្ស រដ្ឋបាលព្រៃឈើ រដ្ឋបាលជនផល មន្រ្តីគណនាយកដ្ឋាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងក្លែងបន្លំ មន្រ្តីអគ្គិសនី មន្រ្តីបុគ្គលិករដ្ឋករទឹក ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តរាជធានី ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ គណៈអភិបាលក្រុងស្រុកខណ្ឌ មន្រ្តីឃុំ/សង្កាត់ ស្មៀនឃុំ/សង្កាត់ សមាជិកភូម សមាជិកប្រធានភូមិ អនុប្រធានភូមិ សមាជិកវិទ្យាស្ថាន និងបណ្ដុះបណ្ដាលវិទ្យាជីវៈ ក្រសួងការងារ គ្រឹះស្ថានឧត្តមសិក្សា»។ នេះបើតាមការរៀបរាប់របស់សម្ដេចតេជោ នាយករដ្ឋមន្រ្តីទៅកាន់ប្រជាជន។

បន្ថែមលើនេះសម្ដេចតេជោ ក៏បានបញ្ជាក់ដែលថា រាជរដ្ឋាភិបាល នឹងបន្តការសិក្សាបន្ថែមទៀត ដើម្បីស្វែងរកអ្នកមានអាទិភាពក្នុងការទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺCOVID-19 នៅក្នុងដំណាក់កាលដំបូងនេះ។

យ៉ាងណាមិញប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ថា កម្ពុជាយ៉ាងហោចណាស់ត្រូវការទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យ៉ាងហោចណាស់ប្រមាណ៨០ភាគរយ ដែលស្មើនឹងប្រមាណ១៣លាននាក់ នៃប្រជាជនសរុបដែលមានចំនួន១៦លាននាក់។

ទទឹមនិងការប្រកាស់ទិញវ៉ាក់សាំងការពារជំងឺCOVID-19 ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា រារដ្ឋាភិបាលកម្ពុជានឹងទិញវ៉ាក់សាំងណា ដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ ដោយមិនឲ្យប្រជាជនកម្ពុជា ក្លាយជាទីតាំងសម្រាប់សាកល្បងវ៉ាក់សាំងរបស់គេឡើយ៕

Related posts

Leave a Comment