សម្តេចផ្តាំ ! ឪពុកម្តាយបើអាច សែនតិចតួចឲ្យកូនៗទៅ ចាំកូន ១ កូន ២ ចាំការក៏មិនហួសពេលដែរ បើសិនជាទ្រាំមិនបាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានលើកឡើងថា អ្នកដែលត្រូវរៀបចំអាពាហ៍ពិពាហ៍ គួររៀបចំតាមគន្លងថ្មី បើសិនកូនៗពិបាករង់ចាំ ដោយធ្វើពិធីក្នុងរង្វង់គ្រួសារ ហើយចាំកូវីដ-១៩បានបញ្ចប់ ចាំរៀបចំពិធីធំដុំតាមក្រោយ ក៏មិនយឺតពេលដែរ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសផ្ញើជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ ដោយមានការផ្សាយផ្ទាល់ តាមទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញទូរទស្សន៍ស្ទើរទាំងអស់នៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ មានមួយករណី ដែលជាករណីគំរូ ចែកសំបុត្រការហើយ តែអត់លុបការចោលទេ…ប៉ុន្ដែធ្វើតាមរប្រៀបគន្លងថ្មី…ការឲ្យគ្នាតាមរបៀបសែនព្រេនសិន ចាំកូន១ កូន២ ការក៏មិនទាន់យឺតពេលដែរ បើសិនជាទ្រាំមិនបាន»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជួនកាលអ្នកខ្លះ បានខកទៅហើយ ក្នុងការរៀបអាពាហ៍ពិពាហ៍ ដូច្នេះសែនព្រេនបន្ដិចបន្ដួចក៏បាន ព្រោះការសែនព្រេន អាចចាត់ទុកដូចបានការដូចគ្នា ហើយបើសិនជាចង់រៀបចំពិធីធំ ចាំកូវីដចប់សិន ក៏មិនទាន់យឺតពេលដែរ។

សម្ដេចតេជោ បានឲ្យដឹងទៀតថា កាលដែលសម្ដេចការ គឺការរហូតដល់១៣គូ ក្នុងពេលតែមួយឯណោះ ហើយគ្មានអ្នកណាដេញថ្ងៃនោះឡើយ តែសម្ដេចនៅតែសុខ ជាមួយប្ដី-ប្រពន្ធជារៀងរហូត និងមានចៅរហូតដល់២២នាក់ ដែលមានចៅច្រើនជាងគេ ក្នុងចំណោមមេដឹកនាំបណ្ដាប្រទេសអាស៊ី៕ ប្រភព៖ Fresh News

Related posts

Leave a Comment