ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកធ្លាប់ចូលហាងកាហ្វេ Hidden Coffee នៅសង្កាត់ទឹកថ្លា ថ្ងៃទី០៤ ប្រញាប់ទៅធ្វេីតេស្តជាបន្ទាន់

ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២០​ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមានអ្នកជាសះស្បើយចំនួន​ ០៧នាក់​ ដែលមាន៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និង២នាក់ជាអ្នកធ្វើដំណើរមកពីប្រទេសរួមមានដូចខាងក្រោម៖

១.កុមារាជនជាតិខ្មែរ អាយុ១២ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ជាកូនប្រុសរបស់ស្ត្រីអាយុ៣៦ឆ្នាំ និងជាចៅប្រុសរបស់អគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ។

២.បុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ជាអ្នកបើកបរឲ្យអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

៣. បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាជំនួយការរបស់អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។

៤.ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅសង្កាត់ទូលទំពូង១ ខណ្ឌចំការមន ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

៥.បុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

សូមកត់សម្គាល់ថា បុគ្គលទាំង៥នាក់ខាលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

៦.ស្ត្រីជនជាតិខ្មែរ-អាមេរិក អាយុ៦២ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានធ្វើដំណើរមកពីអាមេរិក មកដល់កម្ពុជានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

៧.បុរសជនជាតិអាមេរិកកាំង អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣១៩នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤៣នាក់។

ជាមួយគ្នានេះដែរក្រសួងបានបញ្ជាក់ផងថា ដោយសារតែមានបុរសជាអ្នកជំងឺកូវីដ១៩ម្នាក់ (មុនពេលរកឃើញថាមានវិជ្ជមានកូវីដ១៩) ធ្លាប់ទៅអង្គុយពិសារកាហ្វេនៅហាងឈ្មោះ Hidden Coffee ដែលមានទីតាំងនៅហាងលេខ ១២៥ ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោង១៥៖៣០នាទី នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅហាងកាហ្វេនេះ នៅថ្ងៃទី០៤ ខែធ្នូ វេលាម៉ោង១៥៖៣០នាទី ដល់ម៉ោង១៦៖០០នាទីរសៀល អញ្ជើញទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពជាសាធារណៈរៀងរាល់ម៉ោងធ្វើការ និងសូមលោកអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនឲ្យបានគ្រប់ចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវតាមដានសុខភាពផ្ទាល់ខ្លួនឲ្យបានហ្មត់ចត់បំផុត ប្រសិនបើមានបញ្ហាសុខភាព សូមទាក់ទងទៅក្រសួងសុខាភិបាល៕

Related posts

Leave a Comment