ថ្ងៃល្អខ្លាំងណាស់!​ ថ្ងៃនេះមិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ តែមានអ្នកជាសះស្បើយ រហូតដល់ទៅ ០៧នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា មិនមានករណីឆ្លងជំងឺកូវីដ១៩ នៅកម្ពុជានោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺចំនួន៧នាក់។

អ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៧នាក់នោះ ក្នុងនោះ មានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួន៥នាក់ និង២នាក់ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស រួមមាន៖

១. កុមារាជនជាតិខ្មែរ អាយុ១២ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ជាកូនប្រុស របស់ស្រ្តីអាយុ៣៦ឆ្នាំ និងជាចៅប្រុសរបស់អគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ។

២.​ បុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ជាអ្នកបើកបរឲ្យអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

៣. បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាជំនួយការរបស់អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

៤. ស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅទួលទំពួង១ ខណ្ឌចំការមន ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

៥. បុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

កត់សំគាល់ថា បុគ្គលទាំង៥នាក់ ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

៦. ស្រ្តីជនជាតិខ្មែរ-អាមេរិក អាយុ៦២ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្រីកែវ បានធ្វើដំណើរមកពីអាមេរិក មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

៧. បុរសជនជាតិអាមេរិកកាំង អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

Related posts

Leave a Comment