ប្រសើរណាស់ !! សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមថវិកា ១០០ ទៅ ២០០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ ចែកជូនប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ទាក់ទិនទៅនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលការថ្លែងសារនេះ ធ្វើឡើងពីគេហដ្ឋានផ្ទះតាខ្មៅ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» គឺជាការចម្លងបែបចង្កោម និងតាមទីកន្លែងមួយៗ មិនមែនជាទ្រង់ទ្រាយធំពេកនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា WHO បានវាយតម្លៃករណីសហគមន៍នៅកម្ពុជា ជាករណីឆ្លងបែបកើតមានម្តងៗមួយកន្លែង ដោយមិនមានបណ្តុំឆ្លងច្រើនពេក ហើយក៏មិនទាន់ដាក់ចូលទៅក្នុងរបៀបឆ្លងសហគមន៍ធំនោះដែរ។ សម្តេចតេជោ បានកោតសរសើរក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខ អាជ្ញាធរ ប្រជាពលរដ្ឋ ដែលបានចូលរួមសហការក្នុងព្រឹត្តិការណ៍ដ៏មានគ្រោះថ្នាក់សម្រាប់ជាតិ និងប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍សហគមន៍អាចទប់ស្កាត់បានហើយ តែមិនទាន់បិទបញ្ចប់នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គ្រប់គ្រងបាន តែមិនទាន់បញ្ចប់ដោយយោងលើហេតុផលចំនួន៥៖

១) មិនទាន់ដឹងអស់នៅឡើយទេថា តើមានកន្លែងណាខ្លះទៀត ដែលអ្នកជំងឺទៅដល់ រកមិនទាន់ឃើញ អ្នកជំងឺមិនប្រាប់ ឬភ្លេចកន្លែងទៅដល់រយៈពេល១៤ថ្ងៃ មុនពេលរកឃើញ។
២) តើនៅមានអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលដោយមិនមកបង្ហាញមុខ ព្រោះខ្លាចការធ្វើតេស្ត ដែលជាហានិភ័យឆ្លងចូលសហគមន៍។
៣) អ្នកប៉ះពាល់មួយចំនួនមិនទាន់ថ្ងៃធ្វើតេស្តលើកទី២ ឬទី៣នៅឡើយ ព្រោះទើបដឹងប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ហើយធ្វើតេស្តមួយដង ឬពីរដងប៉ុណ្ណោះ។
៤) អ្នកត្រូវធ្វើចត្តាឡីស័កហូរហែតាំងពីរថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃរកឃើញវិជ្ជមានចុងក្រោយនៅថ្ងៃទី១៤ ធ្នូ មិនដឹងថា បានធ្វើចត្តាឡីស័ក ១៤ថ្ងៃ ឬធ្វើតេស្ត៣ដងដែរឬទេ?
៥) នៅតាមខេត្តមួយចំនួនដែលអ្នកជំងឺទៅដល់មុនពេលរកឃើញជំងឺ តើបានរកឃើញអ្នកពាក់ព័ន្ធអស់ឬទេ?

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានត្រៀមថវិកា ១០០ ទៅ២០០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩។ រាជរដ្ឋាភិបាលមានថវិកាក្នុងដៃប្រមាណ ៥៣៨លានដុល្លារហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារឡើងវិញសេដ្ឋកិច្ចឡើងវិញ។​ កម្ពុជាទទួលទិញវ៉ាក់សាំងរបស់ប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។ សម្តេចមិនយកប្រជាពលរដ្ឋទៅធ្វើតេស្តវ៉ាក់សាំងរបស់ប្រទេសណាមួយនោះឡើយ។ រាជរដ្ឋាភិបាលបានត្រៀមឃ្លាំងដែលអាចទុកវ៉ាក់សាំងរហូតដល់ -៨០ អង្សារ ឬក្រោមនេះ៕

Related posts

Leave a Comment