កាន់តែធ្ងន់ធ្ងរហើយ !! អគារថ្មីរបស់ផលិតកម្ម «Big Hit» រកឃើញអ្នកមានកូវីដ១៩ ដល់ទៅ ៦២នាក់ ខណៈប្រទេសកូរ៉េ នៅតែបន្តឆ្លងក្នុងកម្រិតខ្ពស់

(កូរ៉េ)៖ ទីស្នាក់ការថ្មី របស់ផលិតកម្មដ៏ធំមួយនៅកូរ៉េខាងត្បូង Big Hit Entertainment ត្រូវបានរាយការណ៍ថា មានអ្នកកើតកូវីដ១៩ រហូតដល់៦២នាក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

អគារថ្មីនោះ មានឈ្មោះថា «The Yongsan Trade Center» ត្រូវបានគេស្គាល់ថា ជាទីស្នាក់ការថ្មីរបស់ផលិតកម្ម Big Hit ហើយជាកន្លែងការងារថ្មី ដែលក្រុមចម្រៀងល្បីៗដូចជា BTS និង TXT ព្រមទាំងសិល្បករល្បីៗជាច្រើនរូបទៀត ត្រូវផ្លាស់ទៅធ្វើការ ពេលសាងសង់រួចរាល់។

យ៉ាងណាមិញ ស្រាប់តែមានសេចក្តីប្រកាសផ្លូវការមួយថា អគារថ្មីនេះ បានរកឃើញករណីវិជ្ជមានចំពោះកូវីដ១៩ ចំនួន៦២ករណី ខណៈករណីវិជ្ជមានដំបូង ត្រូវបានបង្ហាញកាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ។ ក្នុងចំណោមអ្នកមានកូវីដ១៩នោះ មាន៥៦នាក់ជាកម្មករផ្នែកសំណង់, ៤នាក់ជាក្រុមគ្រួសាររបស់កម្មករ និងជនប្លែកមុខផ្សេងទៀត។

ទន្ទឹមគ្នានេះ ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩ ផលិតកម្ម Big Hit បានចេញសេចក្តីប្រកាសជាសាធារណៈ ដោយពន្យល់ថាក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរ ដើម្បីស៊ើបអង្កេតពីករណីឆ្លងក្នុងអគារនេះ ខណៈមនុស្សដែលមានវត្តមានចេញចូលអគារនេះ ចន្លោះថ្ងៃទី០៧ដល់១៣ គឺត្រូវបានកំណត់អត្តសញ្ញាណ។

គួរបញ្ជាក់ថា ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) នៅថ្ងៃពុធសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១,០៧៨ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងខ្ពស់បំផុត គិតចាប់តាំងពីមានការឆ្លងរាតត្បាត នៃជំងឺដ៏កាចសាហាវ នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ។ ប្រទេសកូរ៉េខាងត្បូងបានបញ្ជាឲ្យបិទសាលារៀន និងសាលាមតេ្តយ្យទាំងអស់ នៅទូទាំងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ ផ្លាស់ប្តូរទៅជាការរៀនតាមប្រព័ន្ធអនឡាញវិញ ចាប់ពីថ្ងៃអង្គារ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) កាន់តែខ្លាំងឡើង៕

Related posts

Leave a Comment