ខេត្តសៀមរាប ៖ សមត្ថកិច្ចចម្រុះក្រុងសៀមរាបបានធ្វើការរឹបអូសយកស្រូវពូជរបស់ក្រុមជន ល្មើសដែលបានដឹកទៅដាក់នៅលើដើមឈើឱ្យផុតពីទឹកទុកសម្រាប់សាបព្រោះ នៅលើដីលិចទឹកដែលជាតំបន់ហាមឃាត់ ។ ស្រូវពូជដែលរឹបអូសនេះមានចំនួន៣តោន ។ ជាមួយនឹងការរឹបអូសនេះ សមត្ថកិច្ចក៏បានរៀបចំកំណត់ហេតុបញ្ជូនវត្ថុតាង (ស្រូវពូជ)ទៅមន្ទីរជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ ។
ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ស្រង៉ែ ក្រុងសៀមរាប ។
លោក ហាយ យង់ ប្រធានការិយាល័យសាធារណការ អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធា រណៈក្រុងសៀមរាប បានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ថា នេះជាការអនុវត្តតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងដឹកនាំកម្លាំង ដោយលោកវរសេនីយ៍ទោ មឿន បុរី អធិការរង នគរបាលក្រុងសៀមរាបបានចុះសហការជាមួយមន្ត្រីមន្ទីរជំនាញនានា ។ លោកថា បានឈានទៅធ្វើការរឹបអូសស្រូវពូជ ចំនួន៣តោនដែលគេលួចដាក់នៅលើដើមឈើឱ្យផុតពីទឹកទុកសម្រាប់សាប-ព្រោះនៅពេលទឹកស្រកអស់ដែលស្ថិតនៅចំណុចដីលិចទឹកដែលជាតំបន់ហាមឃាត់ ។
លោកបានបញ្ជាក់ថា ប្រតិបត្តិការនេះ គឺមានការចង្អុលបង្ហាញពីលោក អភិបាលក្រុងសៀមរាប ទើបឱ្យលោកដឹកនាំកម្លាំងចុះទៅបង្ក្រាបបទល្មើសកាប់ទន្ទ្រានឈូសឆាយព្រៃលិចទឹកនៅភូមិ សាស្ត្រវាលត្រពាំងរហាល ត្រពាំងដំរីលេង ត្រពាំងផ្ទោលធំ ដើម្បីយកដីធ្វើស្រូវប្រាំង របស់ជនល្មើសមួយចំនួនដែលមានបំណងឈានទៅរំលោភយកដីតំបន់ហាមឃាត់នៅពេលក្រោយ ។ ដូច្នេះត្រូវតែបង្ក្រាបឱ្យបានមុនទាន់ក្តៅៗ ៕