រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវបានជនរងគ្រោះ ដែលត្រូវជាប្អូនថ្លៃអធិការរងខណ្ឌមានជ័យម្នាក់ ឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ច យកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ បន្ទាប់ពីជនសង្ស័យរូបនោះ បានលួចយកម៉ូតូម៉ាក ស៊ុយស៊ុគីនិច មួយគ្រឿង របស់ជនរងគ្រោះ ទុកនៅមុខផ្ទះ កាលយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើង នៅចំនុចផ្លូវ បេតុង ជិតស្ពានទី២ នៅមុខពេទ្យរុស្ស៊ី ក្នុងការ៉ាសាំងតេលា ផ្លូវបេតុង ភូមិចំរើនផល សង្កាត់បឹងបឹងទំពុន១ ខណ្ឌមានជ័យ។
ជនរងគ្រោះ មានឈ្មោះ ឌុល សក្កដា អាយុ ១៩ឆ្នាំ មុខរបរដឹកផលិតផល ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ចំណែកម៉ូតូ ដែលជនសង្ស័យ លួចយកទៅ ម៉ាកស៊ុយស៊ុគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AI-7140។
ជនសង្ស័យ មានឈ្មោះ គង់ វីហ្សា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅម្តុំផ្ទះសំណាក់ប៉ៃលិន ក្នុងសង្កាត់បឹងបឹងទំពុន១ ខណ្ឌមានជ័យ។ ប៉ូលិស ដកហូតម៉ូតូ សង់ plus កញ្ចាស់មួយគ្រឿង។
ជនរងគ្រោះ បានអោយដឹងថា នៅថ្ងៃកើតហេតុ ខ្លួនបានទុកម៉ូតូម៉ាក ស៊ុយស៊ុគីនិច ពណ៌ស នៅមុខផ្ទះ នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដោយភេ្លចដកកូនសោចេញពីម៉ូតូ ហើយចូលទៅក្នុងផ្ទះ។លុះដល់ម៉ោង ១១ និង ៤០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះចេញមកក្រៅ ក៏បាត់ម៉ូតូតែម្ដង។
ម្ចាស់ម៉ូតូបន្តទៀតថា បន្ទាប់ពីដឹងថា ម៉ូតូត្រូវគេលួចហើយ ខ្លួនក៏បានឆែកមើលកាំមេរ៉ាសុវត្ថិភាព ក៏ឃើញជនសង្ស័យ ៣នាក់ ជិះម៉ូតូមួយគ្រឿង មកលួចម៉ូតូរបស់ខ្លួន ហើយជនសង្ស័យទាំងនោះ គឺជនរងគ្រោះ ធ្លាប់ស្គាល់គ្នា តាំងពីក្មេងៗមកម្ល៉េះ ទើបជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរក។
លុះមកដល់ថ្ងៃឃាត់ខ្លួន ជនរងគ្រោះ ក៏បានជិះម៉ូតូតាមផ្លូវ ប្រទះឃើញជនសង្ស័យ ដូចនៅក្នុងកាំមេរ៉ាសុវត្ថិភាព កំពុងតែជិះម៉ូតូកញ្ចាស់នៅតាមផ្លូវ ក៏ឃាត់ខ្លួនម្នាក់ រួចប្រគល់អោយទៅខាងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ធ្វើការសាកសួរតែម្តង។
ជនសង្ស័យ បានប្រកែកថា រូបគេមិនបានលួចម៉ូតូនោះទេ ហើយលើកដៃសំពះជនរងគ្រោះ អោយលើកលែងទោសអោយទៅវិញ។ តែបន្ទាប់ពីសាកសួររួច រួមទាំងពាក្យបណ្ដឹងមានស្រាប់ ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅអធិការនគរបាលខណ្ឌមានជ័យ ដើម្បីស្រាវជ្រាវរកបក្ខពួក ២នាក់ទៀត យកមកផ្តន្ទាទោសតាមច្បាប់៕ យឹម ឈឿន