កៀកថ្ងៃណូអែល បែកគំនិតបបួលគ្នាចេញឆក់ មួយម៉ោងសម្រេច២ដង ឆក់កាបូបនៅកោះក្របី ជិះរត់មកឆក់ទូរស័ព្ទ នៅចាក់អង្រែ បាន២គ្រឿងទៀត តែជិះរត់ចូលផ្លូវទាល់ ជួបអ្នកភូមិអង្គុយផឹកក្របួចជាប់

រាជធានីភ្នំពេញ៖ នៅសល់ប៉ុន្មានថ្ងៃទៀតបុណ្យណូអែល ហើយកាន់តែជិតដាច់ឆ្នាំទៀត គេសង្កេតឃើញក្រុមសង្គមងងឹត ចាប់ផ្ដើមចេញដើរធ្វើសកម្មភាពទាំងថ្ងៃទាំងយប់ ជាក់ស្ដែង ក្នុងរយៈពេលមិនដល់មួយម៉ោងផង ជនសង្ស័យ២នាក់ ប្រព្រឹត្តបទល្មើស ឆក់២លើក បានសម្រេចដោយករណីទី១ធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់បានសម្រេច នៅផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយជិះរត់គេចខ្លួនមកដល់ផ្លូវជាតិលេខ២ រួចបត់ចូលផ្លូវបេតុង(អតីត រោងចក្រ មង) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានធ្វើសកម្មភាពករណីទី២ ឆក់ទូរស័ព្ទ ២គ្រឿង ពីក្នុងហោប៉ៅខោស្ត្រីម្នាក់កំពុងជិះម៉ូតូគប់មួយគ្រឿងបានសម្រេចទៀត ហើយជិះរត់គេចខ្លួនមិនរួចព្រោះផ្លូវទាល់ ជួបអ្នកភូមិកំពុងអង្គុយផឹកជួយដេញ ចៃដន្យប៉ូលិសល្បាតមកទាន់ទៀតក៏ក្របួចជាប់ទាំងពីរ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបេតុង (អតីត រោងចក្រមង) ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានចំនួន២នាក់រួមាន៖

ទី១.មានឈ្មោះ ស៊ឹម សុធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរអ្នកដឹកទំនិញតាមអនឡាញ (ជាអ្នកធ្វើសកម្មភាពឆក់ ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)
ទី២.ជនសង្ស័យមានឈ្មោះ ហេង បញ្ញារ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ដែលជាអ្នកបើកម៉ូតូ ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។

ជនរងគ្រោះឈ្មោះ សុខ អ៊ី ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៧២៧ ផ្លូវបេតុង ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមេផ្ទះ។ បើតាមសម្ដីលោកអនុសេនីយ៍ឯក ពៅ ហៀង នាយរងប៉ុស្តិ៍ចាក់អង្រែក្រោម បានរៀបរាប់ប្រាប់ក្រុមការងារ ខ្មែរណូតថា កាលពីវេលាម៉ោង១២:៣០នាទី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ខណៈដែលជនរងគ្រោះបានដាក់ទូរស័ព្ទចំនួន០២គ្រឿង៖ ម៉ាក iPhone 7+ និងម៉ាក Realme នៅក្នុងហោប៉ៅខោខាងឆ្វេង ហើយបានជិះម៉ូតូគប់មួយគ្រឿង ធ្វើដំណើរតាមផ្លូវ មកដល់ចំណុចផ្លូវលំ ចូលអតីតរោងចក្រមង ស្ថិតក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ដែលជាចំណុចកើតហេតុ) ពេលនោះស្រាប់តែលេខមុខជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសង់ (Honda Dream) ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1II-8225 បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃទាំង០២គ្រឿងបានសម្រេច ហើយជិះម៉ូតូរត់ខ្លួនទៅដល់ជិត ភោជនីយដ្ឋាន ម្លប់សន្ទូចមាស ផ្លូវទាល់ និងមានជនរងគ្រោះបានស្រែកឆោឡោថា “ចោរៗ ចោរឆក់ទូរស័ព្ទខ្ញុំ” ហើយមានប្រជាពលរដ្ឋកំពុងអង្គុយហូបចុកលក្ខណៈគ្រួសារ នាំគ្នាជួយដេញចាប់ជនសង្ស័យទាំងពីរនាក់នោះ ដោយឃាត់បានម្នាក់ និងម្នាក់ទៀតរត់ចុះបឹងទន្ទឹមនោះកម្លាំងនគរបាលនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ដែលល្បាតមកទាន់ក៏ដេញឃាត់ខ្លួនបានទាំង២នាក់នោះ រួចវាយខ្នោះយកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍តែម្តង។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានចាប់យកភស្តុតាង៖ ទូរស័ព្ទចំនួន ០២គ្រឿងម៉ាក iPhone-7plus ពណ៌ខ្មៅ ស៊ីមកាតលេខ 015770838 និងម៉ាក Realme ពណ៌ប្រផេះ ស៊ីមកាតលេខ 017770838 (ជារបស់ជនរងគ្រោះ) និងបានចាប់យកវត្ថុតាង៖ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ+ម៉ាស៊ីន 5768901 ពាក់ស្លាកលេខភ្នំពេញ 1II-8225 និងកាបូបដៃ ពណ៌ខ្មៅ ចំនួន០១ និងទូរស័ព្ទដៃ ០១គ្រឿង ម៉ាកOPPO ពណ៌ស្វាយ ស៊ីមកាតលេខ 098676755 (ជារបស់ជនសង្ស័យ)។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា នៅមុនពេលឆក់ទូរស័ព្ទស្ត្រីរងគ្រោះឈ្មោះសុខ អ៊ី ពួកគេទើប ធ្វើសកម្មភាព ឆក់កាបូបស្ពាយ ពីស្ត្រីម្នាក់ជិះម៉ូតូគប់មួយគ្រឿងបានសម្រេច នៅចំណុចផ្លូវ៣៦៩ (ខាងត្បូងស្ពានព្រែកសំរោង) ស្ថិតក្នុងភូមិកោះក្របី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយជិះរត់គេចខ្លួន ហើយបានជិះរត់គេចខ្លួនមកដល់ចំណុចកើតហេតុខាងលើ ក៏ឃើញស្ត្រីរងគ្រោះឈ្មោះ សុខ អ៊ី ដាក់ទូរស័ព្ទពីរគ្រឿងក្នុង ហោប៉ៅ មើលទៅទំនងពេក ទើបពួកគេតាមចូលទៅផ្លូវបេតុងខាងលើ រួចធ្វើសកម្មភាព ឆក់ទូរស័ព្ទ ទាំងពីរនោះបានសម្រេចតែម្ដងតែរត់មិនរួច ក៏ត្រូវអ្នកភូមិនិងសមត្ថកិច្ចឃាត់ពួកគេបានតែម្ដង។

ក្រោយពេលកើតហេតុជនរងគ្រោះឈ្មោះ សុខ អ៊ី បានមកស្នើរសុំទូរស័ព្ទដៃរបស់គាត់ទាំង០២គ្រឿងត្រឡប់ទៅវិញ ហើយមិនព្រមដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមឡើយ (ចំពោះទូរស័ព្ទទាំង០២គ្រឿង សមត្ថកិច្ចក៏បានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ដោយបានការឯកភាពពី លោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ) ។ បច្ចុប្បន្នជនសង្ស័យ ហេង បញ្ញារ៉ូត និងឈ្មោះ ស៊ឹម សុធារិទ្ធ រួមទាំងវត្ថុតាងដែលដកហូត ខាងលើ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

Related posts

Leave a Comment