រាជធានីភ្នំពេញ ៖ អាជ្ញាធរសង្កាត់ដង្កោ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដង្កោ និងកម្លាំងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋបាននាំគ្នាជួយសង្គ្រោះបុរសម្នាក់ ដែលមានសតិមិនគ្រប់ ដែលបានជាប់នៅក្នុងលូមួយកន្លែង ហើយត្រូវបានគេមើលឃើញតាមប្រហោងតូចមួយ ។
នៅពេលភ្លាមៗនោះ បុរសនេះបានស្រែកប្រាប់សមត្ថកិច្ចថា ខ្លួនជាប់នៅក្នុងលូនោះរយៈពេល៧ថ្ងៃកន្លងមកហើយ មិនតែប៉ុណ្ណោះក៏មានមនុស្ស៣នាក់ទៀតជាប់ជាមួយខ្លួនដែរ ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា រស់នៅឯខេត្តកំពង់ស្ពឺ បានលូនចូលទៅក្នុងលូបង្ហូរទឹក ស្ថិតនៅតាមផ្លូវខាងលើ ដោយពុំមាននរណាម្នាក់បានដឹងថា គាត់លូនចូលទៅក្នុងលូនោះតាមច្រកណា និងរបៀបណានោះទេ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញគាត់លូកដៃតាមប្រហោងគម្របអណ្ដូងលូ ដែលបែកចេញមកក្រៅ ។
ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ជូននគរបាលឲ្យជួយអន្តរាគមន៍ ហើយក្រោយពេលទទួលបានដំណឹងនោះភ្លាម អាជ្ញាធរសង្កាត់ដង្កោ រួមជាមួយនគរបាលប៉ុស្តិ៍ដង្កោ ប្រជាការពារបានទៅកាន់ទីនោះភ្លាមៗដែរ ។
ប្រភពដដែលបានបន្តថា ពេលទៅដល់សួរនាំទៅបុរសនោះតាមប្រហោងគម្របអណ្ដូងលូបុរសនោះបានប្រាប់ថា ជាប់នៅក្នុងលូនោះរយៈពេល៧ថ្ងៃកន្លងមកហើយ មិនតែប៉ុណ្ណោះក៏មានមនុស្ស៣នាក់ទៀតជាប់ជាមួយខ្លួនដែរ ។ បន្ទាប់ពីបានឮបែបនេះ សមត្ថកិច្ចមានការខ្វល់ខ្វាយខ្លាំងណាស់ក៏បាននាំគ្នាជួយគាស់គម្របអណ្ដូងលូនោះ ជួយយកបុរសនោះចេញ ។ ប៉ុន្តគាស់ពុំរួចឡើយ ទើបយកគ្រឿងចក្រទៅស្ទូចលើកបង្ហើប ទើបអាចទាញយកបុរសនេះចេញបាន ហើយពុំឃើញមានមនុស្ស៣នាក់ផ្សេងទៀតនៅក្នុងលូនោះដូចជា ការអះអាងរបស់បុរសនោះឡើយ ។
ប្រភពខាងលើបានបន្តទៀតថា ក្រោយពេលទាញចេញបានទើបដឹងថា បុរសនេះមានសតិមិនគ្រប់ហើយ ពុំមែនជាប់ក្នុងលូ៧ថ្ងៃមកនោះទេ គឺសង្ស័យទើបតែជាប់នៅក្នុងថ្ងៃកើតហេតុនោះប៉ុណ្ណោះ ព្រោះកាលពីថ្ងៃទី១៨ បានឃើញបុរសនេះដើរតាមផ្លូវលេខ៣៧១ ។ មិនតែប៉ុណ្ណោះពេលទៅដល់ត្រង់ស្ថានីយបូមទឹកបឹងទំពុនក៏មានអ្នកអាណិតឲ្យប្រាក់មួយចំនួន ដើម្បីឲ្យគាត់ជិះរថយន្តទៅផ្ទះទៀតផង ហើយប្រាក់ទាំងនេះក៏ឃើញនៅជាប់ខ្លួនគាត់រហូតដែរ ។
បន្ទាប់ពីជួយសង្គ្រោះបានអាជ្ញាធរបាននាំទៅកាន់សាលាសង្កាត់ដង្កោបាញ់ទឹកលាងសម្អាត និងឲ្យខោអាវស្លៀកពាក់ ហើយមួយសន្ទុះក្រោយមកប្រពន្ធគាត់បានទៅយកត្រឡប់ទៅផ្ទះវិញ ហើយដោយអះអាងថា ប្ដីគាត់មានសតិមិនល្អ ៕