កូនប្រុសទាំង​ ៤រូប​របស់សម្តេច សុខ អាន កាន់តំណែងជា​រដ្ឋលេខាធិការ ​និងអនុរដ្ឋលេខា​ធិការ ​

ភ្នំពេញ​៖ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ កូនប្រុស ៤រូប របស់​សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបាន​តែងតាំង​ជារដ្ឋលេខាធិការ ៣រូប និង​ ១រូប ជាអនុរដ្ឋលេខាធិការ​។ នោះគឺកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក សុខ សូកេន ​ជារដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈបច្ចុប្បន្ន លោក សុខ សូកេន មានមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស​។

សូមជម្រាបថា សម្តេចវិបុលបញ្ញា សុខ អាន បានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៦៦ឆ្នាំ​។​ សម្តេច សុខ អាន និងលោកជំទាវ ថេង អាយអាន្នី មានកូន ៥នាក់ ( ស្រីម្នាក់ និងកូនប្រុស ៤នាក់ ) រួមមាន៖ ១-លោកស្រី សុខ សូម៉ា ( អាយុ ៤១ឆ្នាំ ) ២-លោក សុខ ពុទ្ធិវុធ ( អាយុ ៤០ឆ្នាំ ) ៣-លោក សុខ សូកាន ( ៣៧ឆ្នាំ ) ៤-លោក សុខ សូកេន ( ៣៧ឆ្នាំ ) ៥-លោក សុខ សង្វារ ( អាយុ ៣៣ឆ្នាំ )។

គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ កូនប្រុសសម្ដេចវិបុលបញ្ញា សុខ អាន ៤រូប មានតំណែង​ក្នុងជួររាជរដ្ឋាភិបាល រួមមាន៖ លោក​សុខ ពុទ្ធិ​វុធ រដ្ឋលេខាធិការក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ លោក​ សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ លោក​ សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​និងលោក​ សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

​កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ​ត្រាស់​បង្គាប់ តែង​តាំង​​​មុខ​តំណែង​​លោក សុខ សូ​កាន ជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

​នៅ​ដើមឆ្នាំ​២០១៥ លោក​ សុខ សូ​កាន បាន​ចូលកាន់​តំណែង​ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​តាកែវ ជំនួស​លោក​ សូ ឃុន ​ដែល​បានទទួល​មរណភាព​​។ លោក សុខ សូកាន ក៏បានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ក្នុងការបោះឆ្នោត ឆ្នាំ២០១៨ បន្តដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០​។

​ចំណែកកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០​ ព្រះករុណា ព្រះមហាក្សត្រ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង​មុខតំណែង​លោក សុខ សង្វារ ជាអនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍​។​

លោក សុខ សង្វារ ត្រូវបានតែងតាំង​ជាអគ្គនាយករង​អាជ្ញាធរ ដើម្បី​ការពារ​រមណីយ​ដ្ឋាន និង​រៀបចំ​តំបន់​អង្គរ ហៅ​កាត់​ថា «​អាជ្ញាធរ​អប្សរា​» ​​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥។ លោក សុខ សង្វារ បានបន្តការងារជាអគ្គនាយករងអាជ្ញាធរជាតិ​អប្សរា មកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០​។

​ដោយឡែក កូនប្រុសច្បងរបស់​សម្តេច សុខ អាន ដែលជាកូនប្រសាររបស់​សម្តេចតេជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺលោក សុខ ពុទ្ធិវុធ ជាអតីត​​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ត្រូវបាន​តែងតាំង​ជាអនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍​។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានៈ​ លោក សុខ ពុទ្ធិវុធ ជារដ្ឋលេខាធិការ​ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោក សុខ ពុទ្ធិវុធ បានបន្តការងារជា​រដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រហូត​ដល់សព្វថ្ងៃ​៕

Related posts

Leave a Comment