សូមប្រុងប្រយ័ត្នផងបងប្អូន! ក្រសួងសុខាភិបាល ធ្វើការអំពាវនាវ និងណែនាំអំពីវិធានមួយចំនួន ក្រោយផ្ទុះករណីឆ្លងកូវីដ១៩ នៅខេត្តមួយរបស់ប្រទេសថៃ

ភ្នំពេញ៖ នាថ្ងៃទី១៩ និងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានព័ត៏មានតាមរយៈ ការចុះផ្សាយព័ត៏មានរបស់សារព័ត័មានបាងកកប៉ុស្តិ៍ និងការដាស់តឿនឲ្យប្រុងប្រយ័ត្នរបស់ក្រសួងសុខាភិបាលថៃ សម្រាប់មន្ទីរពេទ្យនៅទីក្រុងបាងកក ស្តីពីការផ្ទុះឡើងនូវការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅខេត្តសាមុតសាខន នៃប្រទេសថៃ រហូតដល់ជាង ៥០០នាក់ហើយដែលបានឆ្លង ដែលភាគច្រើនជាប្រជាជនភូមា ដែលបានបម្លាស់ទីមកធ្វើការនៅក្នុងខេត្តនោះ រហូតដល់បច្ចុប្បន្ននេះ មានការប្រកាសឲ្យបិទខេត្តនេះ ពីម៉ោង២២និង០០នាទី យប់ដល់ម៉ោង០៥និង០០នាទី ភ្លឺ រហូតដល់ថ្ងៃទី០៣ខែមករា ឆ្នាំ២០២១។

ដោយសារខេត្តសាមុតសាខន នៃប្រទេសថៃនេះ មានចម្ងាយមកប្រទេសកម្ពុជាប្រហែលជា ៣០០គីឡូម៉ែត្រ និងមានខេត្តដែលមានច្រកចេញចូលជាមួយប្រទេសថៃ ដូចជាខេត្តកោះកុង ពោធិ៍សាត់​ បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ជាដើមនោះ និងដើម្បីការពារចម្លងវីរុសកូវីដ១៨ ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាជាយថាហេតុ ដោយសារការចល័តរបស់បុគ្គល ឬ របស់អ្នកដំណើរដែលមានផ្ទុកនូវវីរុស១៩ ឯកឧត្តមសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវ និងណែនាំដូចតទៅ៖

១. សូមបណ្តាខេត្តនៅតាមបណ្តោយព្រំដែនជាប់ប្រទេសថៃ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការ ត្រួតពិនិត្យ រាល់អ្នកដំណើរ ដែលចូលមកកម្ពុជា ដោយត្រូវឆែកសុខភាព ឲ្យបានហ្មត់ចត់ជាទីបំផុត ជាពិសេសត្រូវវាស់កំដៅ បំពេញទម្រង់ប្រកាសសុខភាពអ្នកដំណើរឲ្យបានត្រឹមត្រូវជាទីបំផុត។

២. រាល់អ្នកដំណើរចូលមកកម្ពុជា ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ជាចាំបាច់។

៣. ត្រូវយកវត្ថុសំណាកអ្នកដំណើរ បញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពេទ្យ ខេត្តសៀមរាប នៅថ្ងៃទីដែលបុគ្គលមកដល់ច្រកចូលប្រទេសកម្ពុជា។

៤. ត្រូវរៀបចំទីកន្លែងឲ្យគម្លាតសុវត្ថិភាពពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ឲ្យបានពីមួយម៉ែត្រកន្លះឡើងទៅកន្លែងវាស់កំដៅ កន្លែងបំពេញបែបបទចូលមកកម្ពុជា ឬ កន្លែងរងចាំយកវត្ថុសំណាកជាដើម។

៥. អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចូលរួមនៅក្នុងការត្រួតពិនិត្យការធ្វើចត្តាឡីស័ក អ្នកដំណើរចូលមកកម្ពុជានេះ ឲ្យបានត្រឹមត្រូវចៀសវាងការរបូតចេញពីទីកន្លែងធ្វើចត្តាឡីស័ក ដោយយថាហេតុ ណាមួយដែលយើងមិនបានដឹង។

៦. សម្រាប់បងប្អូននៅតាមសហគមន៍ សូមចូលរួមផ្តល់ព័ត៏មានដល់អាជ្ញាធរភូមិ-ឃុំ ប្រសិនបើមានជន ចំណូលថ្មី ចូលមកសហគមន៍របស់ខ្លួន ហើយមិនបានធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ទេនោះ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងចូលក្នុងសហគមន៍របស់បងប្អូន ដែលអាចមានជាយថាហេតុ។

៧. ត្រូវរាយការណ៍ជាបន្ទាន់នូវរាល់ករណីសង្ស័យមានការឆ្លងវីរុសកូវីដ១៩ ទៅអាជ្ញាធរសុខភិបាល ឬ អាជ្ញាធរ នៅមូលដ្ឋាន របស់ខ្លួន ដើម្បីធ្វើការស្រាវជ្រាវបានទាន់ពេលវេលា។ ប្រសិនបើមានបញ្ហាណាមួយពាក់ព័ន្ធនឹងការចម្លងវីរុសកូវីដ១៩ នេះ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬ ទំនាក់ទំនង ក្រសួងសុខាភិបាលតាមលេខទូរស័ព្ទ ៖ ០១២ ៨២៥​​​ ៤២៤, ០១២ ៤៨៨ ៩៨១, និង ០១២ ៨៣៦ ៨៦៨៕

Related posts

Leave a Comment