បណ្តាញព័ត៌មានថៃ ផ្សព្វផ្សាយវិធានការ របស់សម្តេចតេជោ ហ៊ុន សែន ទប់ស្កាត់ការចម្លងកូវីដ១៩ ដោយសម្តេចអំពាវនាវអោយពលរដ្ឋកម្ពុជាបន្តរស់នៅទីនោះសិនដើម្បីសុវត្ថិភាពនិងការងាររបស់ខ្លួន…

(ភ្នំពេញ)៖ បណ្តាញព័ត៌មានរបស់ថៃជាច្រើន បានចាប់អារម្មណ៍ និងផ្សព្វផ្សាយនូវវិធានការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពីប្រទេសថៃកំពុងកើតមាននៅក្នុងសហគមន៍។

បណ្តាញព័ត៌មានថៃ ដែលចាប់អារម្មណ៍ និងផ្សព្វផ្សាយនូវការដាក់ចេញវិធានការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី មានដូចជា Smart News Online, Education4plus, ibiznewsmedia និង Thailand Time។

សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានផ្ញើសារពិសេសមួយបញ្ជាក់ពីការដាក់ចេញវិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ និងបង្ការកុំឱ្យមានការចម្លងជំងឺកូវីដ១៩ ពីប្រទេសថៃ ដែលកំពុងផ្ទុះក្នុងសហគមន៍នៅក្នុងខេត្ត samut sakhon។

បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ចេញសារនេះភ្លាម ក្រុមព័ត៌មាននៅថៃ ដែលធ្លាប់មានទំនាក់ទំនងជាមួយលោកបណ្ឌិតសុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នោះ ក៏បានទាក់ទងមក និងសុំការបញ្ជាក់លើខ្លឹមសារមួយចំនួន។

តាមរយៈបទសម្ភាសន៍តាមទូរស័ព្ទលោកបណ្ឌិត សុខ សុក្រឹត្យា បានជម្រាបសារពត៌មានថៃអំពីសារពិសេសរបស់សម្តេចតេជោ និងការប្រកាសដាក់ចេញវិធានការរបស់សម្តេច ពាក់ព័ន្ធស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ។

គេហទំព័រ Smart News Online បានស្រង់សម្តីបណ្ឌិត សុខ សុក្រឹត្យា និងចុះផ្សាយថា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅ និងធ្វើការនៅប្រទេសថៃ សូមទុកចិត្ដចំពោះរាជរដ្ឋាភិបាលថៃ ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ហើយមិនត្រូវរត់ចេញពីប្រទេសថៃក្នុងពេលដែលថៃកំពុងជួបការលំបាកនាពេលនេះទេ។

គេហទំព័រព័ត៌មានរបស់ថៃមួយនេះ បានផ្សាយបន្តនូវប្រសាសន៍របស់សម្តេចតេជោថា ការមិនចេញពីប្រទេសថៃ គឺជាការពារខ្លួនពីការឆ្លងជំងឺ និងមួយទៀតចៀសវាងការបាត់បង់ការងារ។ ជាពិសេសចៀសវាងនាំចូលជំងឺមកកម្ពុជាក្នុងករណីដែលអាចមានជំងឺ។

ដោយឡែកគេហទំព័រ Education4plus បានចាប់អារម្មណ៍លើប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលអំពាវនាវឱ្យក្រុមគ្រួសារ សាច់ញាតិពលករកំពុងបម្រើការងារនៅប្រទេសថៃ ជួយអំពាវនាវកុំឱ្យសាច់ញាតិត្រឡប់មកប្រទេសវិញ។

គេហទំព័រនេះ បានផ្សព្វផ្សាយថា «សម្តេចតជោអំពាវនាវចំពោះឪពុកម្ដាយក្រុមគ្រួសារ ប្តីសី ប្រពន្ធឬកូន ដែលមានសាច់ញាតិធ្វើការនៅក្នុងប្រទេសថៃត្រូវលើកទឹកចិត្តកូនចៅ ប្ដីសី បងប្អូនដែលកំពុងធ្វើការនៅទីនោះ រស់នៅទីនោះបន្តទៀតដើម្បីខិតខំធ្វើយ៉ាងណារក្សាឲ្យបាននូវការងារធ្វើរបស់យើងនៅទីនោះ»។

ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ដោយយោងតាមបទសម្ភាសន៍ជាមួយលោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានផ្សព្វផ្សាយពីវិធានការមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការឆ្លើយតបនឹងស្ថានភាពឆ្លងកូវីដ១៩នៅក្នុងប្រទេសថៃផងដែរ។ បណ្តាញផ្សព្វផ្សាយទាំងនេះ បានផ្សាយពីការទម្លាក់ថវិកាទៅកាន់ខេត្តព្រំដែនថៃទាំង៧ ដោយមួយខេត្តទទួលបានថវិកា ៥០លានរៀល, ការរៀបចំដាក់ពលករមកពីប្រទេសថៃទាំងអស់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនៅតាមព្រំដែន និងការបញ្ចេញកងដឹកជញ្ជូនរបស់កងទ័ពចេញជួយអន្តរាគមន៍ដឹកជញ្ជូនពលករដែលត្រឡប់មកពីប្រទេសថៃជាដើម។

លោកបណ្ឌិត សុខ សុក្រឹត្យា បានស្វាគមន៍ចំពោះបណ្តាញព័ត៌មានថៃ ដែលបានជួយផ្សព្វផ្សាយនូវដំណឹងទាំងនេះ។ ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការជួយផ្សព្វផ្សាយរបស់បណ្តាញព័ត៌មាន គឺជាការជួយផ្តល់ដំណឹងបន្ថែមទៅដល់ពលករខ្មែរកំពុងធ្វើការនៅថៃ បានជ្រាបប្រសាសន៍របស់សម្តេចតេជោ និងបានចូលរួមអនុវត្តន៍វិធានការទាំងឡាយ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩៕

Related posts

Leave a Comment