បង្កើនការប្រុងប្រយ័ត្ន! ថៃបានបញ្ចូនពលករខ្មែរ៧១នាក់​ ចូលតាមច្រកអូរបីជាន់

បន្ទាយមានជ័យ៖ ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារណែនាំដល់អាជ្ញាធរខេត្តជាប់ព្រំដែនថៃ ដើម្បីពង្រឹងការងារ​ត្រួតពិនិត្យចត្តាឡីស័ក ចំពោះអ្នកឆ្លងដែនពីប្រទេសថៃ រួចមក នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ថៃបានបញ្ចូនពលករខ្មែរ ៧១នាក់ តាមច្រកអូរបីជាន់ ​ស្ថិតក្នុង​ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ បានប្រាប់ថា ​នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ភាគីថៃបានបញ្ជូនពលរដ្ឋខ្មែរ ចំនួន ៧១នាក់ ដោយមានទាំង​អ្នកមាន​ផ្ទៃពោះ និងកុមារ។ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ១៩៩នាក់ ( ស្រី ៨៧នាក់ )។ ក្នុងនោះ បើគិតចាប់ពីក្រោយពេលដែលផ្ទុះ​កូវីដ១៩ មកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ភាគីថៃបានបញ្ជូន​ពលរដ្ឋខ្មែរ ត្រឡប់មកវិញ សរុបចំនួន ៥៨.២៩០នាក់ ( ស្រី ២៦.៣៥១ នាក់ )។

លោក លី សុវណ្ណារិទ្ធ បានបន្តថា ប្រជាពលរដ្ឋខ្មែរទាំង ៧១នាក់ ដែលត្រូវបានភាគីថៃ បញ្ជូនមកតាមច្រកអូរបីជាន់ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ គឺត្រូវ​បានត្រួតពិនិត្យ​សុខភាព​បឋម នៅច្រកអូរបីជាន់ ហើយត្រូវបានដឹកជញ្ជូនដោយរថយន្តបញ្ជាដ្ឋាន​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យកូប ក្នុង​ស្រុកអូរជ្រៅ៕ ប៊ុន ធឿន

Related posts

Leave a Comment