ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ ដែលចេញពីថៃ ចូលមកកម្ពុជា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មានចំនួនសរុប ៥៥១នាក់ ( ស្ត្រី ១៩៥នាក់ និងកុមារ ១១នាក់ )។ អ្នកទាំងនោះ បានចូលមកកម្ពុជា តាមបណ្តាច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ ចំនួន ៩។ ក្នុងនោះ ច្រកអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង ច្រើនជាងគេ បន្ទាប់មកច្រកតំបន់ អូរបីជាន់។ នេះបើតាមរបាយការណ៍របស់នេត សេរី អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។
សូមរម្លឹកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារតែថៃ ផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន នាំឲ្យមានការបារម្ភ ហើយពលរដ្ឋខ្មែរមួយចំនួន បានចាកចេញពីប្រទេសថៃ ចូលមកកម្ពុជា និងមួយចំនួនទៀត ត្រូវថៃ ចាប់បញ្ជូនត្រឡប់មកវិញ ដោយសារតែការឆ្លងដែនខុសច្បាប់ ជាដើម។
កម្ពុជា បានត្រៀមលក្ខណៈទទួលប្រជាពលរដ្ឋខ្មែរ តាមច្រកព្រំដែនធំៗ ចំនួន ៣ គឺនៅច្រកព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ច្រកព្រំដែនដូង ក្នុងខេត្តបាត់ដំបង និងនៅច្រកព្រំដែនប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋទាំងអស់ មកដល់ព្រំដែន ត្រូវពិនិត្យសុខភាព និងត្រូវធ្វើចត្តាឡីស័ក ពេញលេញ យ៉ាងហ្មត់ចត់ រយៈពេល ១៤ថ្ងៃ នៅតំបន់ព្រំដែននោះ។ ក្នុងករណី ចូលមកច្រើនពេក នឹងត្រូវដឹកជញ្ជូនតាមឡានទាហាន ពីព្រំដែន ទៅធ្វើចត្តាឡីស័ក នៅតាមស្រុកកំណើតរៀងៗខ្លួន៕