ថៃថា ពិបាកទប់ស្កាត់ក្រុមពលករឆ្លងដែនខុសច្បាប់ចូលប្រទេសខ្លួន ទោះចាប់ពួកគេបាន បញ្ចូនទៅប្រទេសវិញ ក៏ពួកគេនៅតែលួចឆ្លងដែនមកទៀត

ថៃ៖ យោងតាមការចុះផ្សាយពីសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ស្ថាប័នកងទ័ពថៃបានឲ្យដឹងថា ការបិទច្រកព្រំដែនថៃមិនឲ្យមានពលករចំណាកស្រុកលួចចូលដោយខុសច្បាប់ពិតជាមិនអាចធ្វើបាន ១០០% នោះទេ បើទោះជាអាជ្ញាធរសុខាភិបាលថៃបានចេញមកបញ្ជាក់ថា ករណីចម្លងជំងឺកូវីដ ១៩ ដែលបានផ្ទុះឡើងនៅក្នុងផ្សារលក់បង្គាក្នុងខេត្តសាមុតសាខនមានជាប់ពាក់ព័ន្ធខ្លាំងក្នុងចំណោមក្រុមពលករក៏ដោយ។ ឧត្តមសេនីយ៍ឯក Santipong Thammapiya ដែលជានាយរងសេនាធិការកងទ័ពនិងជាអ្នកនាំពាក្យឲ្យស្ថាប័នកងទ័ពថៃបានឲ្យដឹងថា ក្រុមពលករចំណាកស្រុកខុសច្បាប់ទាំងនោះភាគច្រើនគឺក្រុមពលរដ្ឋមកពីប្រទេសមីយ៉ាម៉ាហើយពួកគេព្យាយាមឆ្លងដែនចូលក្នុងប្រទេសថៃតាមច្រករបៀងក្រៅផ្លូវការជាច្រើនកន្លែងតាមរយៈមេខ្យល់របស់ពួកគេ ហើយព្រំដែនថៃមានប្រវែងរហូតដល់ ៥ ៥២៦ គីឡូម៉ែត្រឯណោះទើបគេពិបាកគ្រប់គ្រងការប៉ុនប៉ងឆ្លងដែនដោយខុសច្បាប់ពីសំណាក់ក្រុមពលករឲ្យបាន ១០០% ណាស់។

អ្នកនាំពាក្យរូបនេះបានបន្តថា ក្រុមពលករចំណាកស្រុកបានត្រៀមខ្លួននិងឃ្លាំមើលក្រុមទាហ៊ានយាមនៅច្រកទ្រំដែនគ្រប់ពេលវេលា ហើយឲ្យតែមានឱកាសអំណោយផលតែបន្តិច ពួកគេនឹងឆ្លងដែនចូលមកភ្លាម ជាក់ស្តែងថ្មីៗទាហ៊ានថៃបានចាប់ខ្លួនពលករចំណាកស្រុកខុសច្បាប់មីយ៉ាន់ម៉ាបានចំនួន ២៧៩ និងបញ្ចូនទៅកាន់ប្រទេសគេវិញ តែពួកគេនៅតែព្យាយាមត្រលប់មកប្រទេសថៃវិញដដែល។

សូមបញ្ជាក់ថា នៅក្នុងរយៈពេលនេះថៃកំពុងរឹតបន្តឹងការឆ្លងដែនចូលខុសច្បាប់ពីសំណាក់ក្រុមពលករជាខ្លាំង ព្រោះករណីផ្ទុះជំងឺកូវីដ ១៩ នៅក្នុងខេត្តសាមុតសាខនត្រូវបានអាជ្ញាធរសុខាភិបាលថៃជឿថា មានប្រភពមកពីក្រុមពលករចំណាកស្រុកនេះឯង។ តាមរបាយការណ៍ចុងក្រោយបានបង្ហាញថា គិតមកទល់នឹងពេលនេះព្រឹត្តិកាណ៍ចម្លងជំងឺកូវីដ ១៩ នៅក្នុងខេត្តសាមុតសាខនបានឆ្លងទៅកាន់ពលរដ្ឋចំនួន ៨២១ ករណីហើយ ក្នុងនោះមាន ៣៣ ករណីកើតមានចំពោះពលរដ្ឋថៃ និង ៧៨៨ ករណីផ្សេងទៀតឬស្មើនឹង ៩០% គឺកើតមានក្នុងចំណោមក្រុមពលករចំណាកស្រុក៕

Related posts

Leave a Comment