រាជធានីភ្នំពេញ៖ «គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ជាឧត្តមានុវត្តមួយនៃយន្តការការទូទាត់សេវាបរិស្ថាន ដែលមានការចូលរួមពីសហគមន៍មូលដ្ឋាន នៅក្នុងតំបន់ការពារធម្មជាតិ ដោយបានរួមចំណែកការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា»។ នេះជាប្រសាសន៍របស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធក្រុមហ៊ុន អាយ ប៊ីស រ៉ាយស៍ ខន់សើវសិន និងពិនិត្យមើលខ្សែសង្វាក់វេចខ្ចប់អង្ករមិត្តភាពសង្គ្រោះសត្វព្រៃ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានបង្ហាញការគាំទ្រចំពោះលក្ខខណ្ឌ ដែលគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (ឬស្រូវត្រយងយក្ស ឬស្រូវអាយប៊ីស) អនុវត្តតាមគោលការណ៍សរីរាង្គសំខាន់ៗ ដែលផ្សារភ្ជាប់ជាមួយនឹងការគោរពបទដ្ឋានបរិស្ថាន និងការការពារធនធានធម្មជាតិ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ WCS អង្គការសន្សំម្លប់ព្រៃ ក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ និងដៃគូ ដែលបានយកគម្រោងនេះ មកអនុវត្តជាមួយប្រជាកសិករ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ និងបានលើកទឹកចិត្តឱ្យគម្រោងបន្តពង្រីកសកម្មភាពទៅតំបន់ផ្សេងៗទៀត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងការបង្កើនកេរ្ត៍ឈ្មោះផលិតផលស្រូវត្រយង នៅលើទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិ កាន់តែច្រើន។
លោក កែន សេរីរដ្ឋា នាយកកម្មវិធីប្រចាំប្រទេសនៃអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា(WCS) បានឱ្យដឹងថា ការអនុវត្តគម្រោងស្រូវត្រយង អនុវត្តទទួលបានជោគជ័យ នៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ និងដែនជម្រកសត្វព្រៃសៀមប៉ាង នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងបន្ទាប់មក បានទៅដល់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន ផលិតផលស្រូវត្រយង រួមមាន៖ អង្ករអាយប៊ីស អាហារសម្រន់អាប៊ីស និងនំដុតអាយប៊ីស ត្រូវបានផលិត និងនាំយកទៅលក់នៅលើទីផ្សារធំៗក្នុងស្រុក និងទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ថា គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ បានកំណត់ឱ្យកសិករទាំងអស់ គោរពតាមគោលការណ៍សរីរាង្គ ចំនួន ១២ចំនុច ក្នុងនោះមាន៖ គោរពគោលការណ៍សរីរាង្គ ដែលមិនប្រើប្រាស់ជីគីមី ឬក៏ថ្នាំគីមី ឬថ្នាំសម្លាប់សត្វល្អិតមួយចំនួនទៀត គោរពទៅនឹងគោលការណ៍ដាំដុះតាមបទដ្ឋានបច្ចេកទេស និងមិនកាប់រានដីព្រៃបន្ថែម ព្រមទាំងត្រូវចូលរួមការពារ និងអភិរក្សសត្វព្រៃ។ បើអនុវត្តបាន កសិករមានសិទ្ធិពេញលេញ ក្នុងការលក់ស្រូវជូនគម្រោង ក្នុងតម្លៃលើសទីផ្សារ៕ ដោយ៖ សុខ សារ៉ាយ