កាន់តែបារម្ភហើយ !!ប្រទេសថៃបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤៦នាក់ បន្ថែមទៀត ដែលភាគច្រើនទាក់ទងនឹងផ្សារលក់បង្កា ក្នុងខេត្តសាមុតសាខន

រដ្ឋាភិបាលថៃនៅថ្ងៃពុធ​ ទី២៣ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីសរុបចំនួន ៤៦ករណី ដោយក្នុងនោះមាន ៣៩នាក់ ជាករណីក្នុងស្រុក និង ៧នាក់ ជាករណីនាំចូល ដែលនាំឱ្យករណីសរុបបានកើនឡើងដល់ ៥ ៧៦២ករណី និងការស្លាប់រក្សាត្រឹម ៦០នាក ដដែល។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 បាននិយាយថា ករណីជំងឺ COVID-19 ក្នុងស្រុកថ្មីចំនួន ៣៩ករណី ភាគច្រើនទាក់ទងនឹងទីផ្សារបង្គា ក្នុងខេត្តសាមុតសាខន។

ក្នុងចំណោមពួកគេទាំងអស់មាន ១១នាក់ គឺនៅទីក្រុងបាងកក និងផ្សេងទៀតមកពីបណ្ដាខេត្តនានា។ ពួកគេភាគច្រើនជាអ្នកនេសាទ អ្នកលក់ និងអ្នកផ្តល់សេវាដឹកជញ្ជូនអាហារសមុទ្រ ដោយសារថាទីនោះជាទីផ្សារបោះដុំគ្រឿងសមុទ្រ។ អ្នកផ្សេងទៀតរួមមានបុគ្គលិកភោជនីយដ្ឋាន និងស្ត្រីមេផ្ទះផងដែរ។ ក្នុងចំណោមករណីសរុបទាំងអស់ចំនួន ៥ ៧៦២ ករណី គឺមានករណីក្នុងសហគមន៍ចំនួន ៤ ០៩៥ ករណី និងមាន ១ ៦០៧ នាក់ កំពុងសម្រាកនៅមន្ទីពេទ្យ៕

Related posts

Leave a Comment