ឆ្លាតពេកភ្លាត់ស្នាត !! ជនខិលខូចខំលាក់របស់ខុសច្បាប់នេះរាប់ពាន់កញ្ចប់នៅក្នុងរូបសំណាក់ទេវតា ប៉ុន្តែទេវតាអត់ជួយ ត្រូវសមត្ថកិច្ចនៅតែរកឃើញ

សិង្ហបុរី៖ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានបារីខុសច្បាប់រាប់ពាន់កញ្ចប់ត្រូវអាជ្ញាធរនៃប្រទសសិង្ហបុរីធ្វើការរឹបអូសនៅប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកព្រំដែន ខណៈជនខិលខូចព្យាយាមលាក់បារីទាំងនោះនៅក្នុងរូបសំណាកទេវតា ដើម្បីនាំចូលទៅក្នុងប្រទេសសិង្ហបុរី។ ប្រភពខាងលើបានបន្តថា ជនខិលខូចដែលបានធ្វើសកម្មភាពរត់ពន្ធបារីខុសច្បាប់នេះគឺជាជនជាតិម៉ាឡេស៊ី ហើយជនខិលខូចបានសម្រេចធ្វើសកម្មភាពនេះដោយផ្អែកថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងចូលមកដល់ក្នុងខែក្រោយនេះហើយ ដូចនេះការនាំយករូបសំណាកទេវតាចូលទៅក្នុងប្រទេសសិង្ហបុរីគឺជារឿងសមស្របបំផុតនិងទំនងជាគ្មានការត្រួតពិនិត្យល្អិតល្អន់នោះទេ។

យ៉ាងណាក្តី អាជ្ញាធរសិង្ហបុរីមិនដែលខ្ជីខ្ជាក្នុងការបំពេញភារកិច្ចរបស់ខ្លួនទោះបីជាក្នុងកាលទេសៈបែបណាក៏ដោយ ហើយជាលទ្ធផលនៃបង្រ្កាបករណីខាងលើនេះមន្ត្រីគយសិង្ហបុរីអាចរឹបអូសបានបារីចំនួន ១១ ២៨៥ សុង និង ៧ ៦៨៤ កញ្ចប់ ដែលបារីទាំងអស់នោះសុទ្ធតែជាបារីមិនបានបង់ពន្ធគយត្រឹមត្រូវទៅតាមច្បាប់។ រហូតមកទល់នឹងពេលនេះអាជ្ញាធរសិង្ហបុរីបានបន្តបើកការស៊ើបង្កេតជុំវិញករណីនេះបន្ថែមទៀតព្រោះគេជឿថា ជនខិលខូចមិនមែនធ្វើរឿងនេះតែម្នាក់ឯងនោះទេ ពោលគឺជនខិលខូចប្រាកដជាមានបណ្តាញនៅក្នុងប្រទេសសិង្ហបុរីជាមិនខាន៕

Related posts

Leave a Comment