ណាត់គ្នាទៅ! «ផ្ទះផ្កាបាណន់» នៅបាត់ដំបង ផ្កាចម្រុះពណ៌កំពុងរីកស្រុះគ្នាស្រស់បំព្រងណាស់!

ពេលចង់លម្ហែកាយ កម្សាន្តអារម្មណ៍ ស្របយកខ្យល់អាកាសល្អបរិសុទ្ធ និង ក្លិនផ្កា មិនដឹងថាគួរទៅកម្សាន្តនៅទីកន្លែងណាល្អមែនទេ? ឈប់គិតសូញសាញទៀតទៅ កន្លែងចាស់កែមុខមាត់ថ្មីក្នុងទឹកដីខេត្តបាត់ដំបង មិនថាតែអ្នកនៅក្នុងខេត្តទេ ទោះបីអ្នកនៅតាមបណ្តាខេត្តផ្សេងក៏អាចទៅបានដែរ នោះគឺផ្ទះផ្កាបាណន់ ឬ ផ្ទះផ្កា Begonia គឺជាទីឋានមនោរម្យបំផុតសម្រាប់កម្សាន្តលម្ហែកាយ និង ស្រូបយកខ្យល់អាកាស ស្រង់ក្លិនក្រអូបនៃផ្កាចម្រុះពណ៌ ។

បើតាមទំព័រហ្វេសប៊ុកផ្ទះផ្កា Begonia បាត់ដំបង បានបង្ហាញឱ្យដឹងថា បច្ចុប្បន្ននេះផ្ទះផ្កាកំពុងតែរីកស្រស់ស្អាតខ្លាំងណាស់ ដែលវាបានផ្តល់នូវភាពស្រស់ស្រាយជូនដល់បងប្អូននិយមចូលចិត្តផ្តិតរូប និង គយគន់សម្រស់ផ្កាប្លែកៗនារដូវរំហើយនេះ ។ កុំឱ្យរំលងពេលផ្កាកំពុងរីកស្រុះគ្នានេះ តស់! ណាត់គ្នាឈុតធំទៅលេងផ្ទះផ្កានេះទាំងអស់គ្នា ។

ផ្ទះផ្កាបាណន់ ឬ ផ្ទះផ្កា Begonia បានរៀបចំតុបតែងបន្ថែមយ៉ាងស្រស់ស្អាតតាមបែបអឺរ៉ុប ដាំផ្កាស្រស់ចម្រុះពណ៌រីកដេរដាសពេញសួន មើលទៅដូចសួននៅឋានសួគ៌ាក្រោមមេឃដូច្នោះដែរ ដែលធ្វើឱ្យអ្នកកម្សាន្តមិនត្រឹមតែអាចទៅលម្ហែអារម្មណ៍បាននោះទេ ថែមទាំងអាចផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍ថែមទៀងផង ពិតជាពិសេសណាស់ ។

គួរឱ្យដឹងដែរថា ផ្ទះផ្កាបាណន់ ឬ ផ្ទះផ្កា Begonia នេះមានទីតាំងជាក់ស្តែងនៅក្បែរចំការទំពាំងបាយជូរតាមផ្លូវបាណន់ ស្ថិតនៅក្នុងភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ តោះទស្សនារូបភាព និង ទេសភាពស្អាតៗនេះទាំងអស់គ្នា ៖

Related posts

Leave a Comment