ចូលរួមសោកស្តាយផង !! អគ្គិភ័យ​ឆាបឆេះ​អគារ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​-១៩ របស់​ឥណ្ឌាដែលកំពុងផលិតវ៉ាក់សាំងដើម្បីត្រៀមចាក់ដល់ពលរដ្ឋខ្លួន និងសំរាប់ផ្តល់ជំនួយដល់ប្រទេសមួយចំនួនផងដែរ…

ប្រទេស​ឥណ្ឌា ៖ អគ្គិភ័យ​មួយ​បាន​កើតឡើង​នាថ្ងៃ​ទី​២១ មក​រា ២០២១​នេះ នៅ​ឯ​អគារ​វិទ្យាស្ថាន​សេរ៉ូម Serum នៃ​ប្រទេស​ឥណ្ឌា ដែល​ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ប៉ុន្តែ​ការ​ផលិត​វ៉ាក់សាំងការពារ COVID-19 នឹង​មិន​ប៉ះពាល់​ឡើយ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន AP បាន​ចុះ​ផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២១ មក​រា​នេះ ។

បើ​តាម​មន្ត្រី​​ពន្លត់អគ្គីភ័យ​ក្នុង​ទីក្រុង Pune ភាគ​ខាងត្បូង​រដ្ឋ Maharashtra បាន​និយាយ​ថា មូលហេតុ​នៃ​អគ្គិភ័យ​នេះ និង​ទំហំ នៃ​ការ​ខូចខាត នៅពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ។

លោក Prashant Ranpise មន្ត្រី​ពន្លត់​អគ្គិភ័យ ដែល​កំពុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ បាន​និយាយ​ថា “​យើង​បាន​ជួយ​សង្គ្រោះ​មនុស្ស ៣​នាក់ ចេញពី​អគារ ហើយ​មិន​មាន​អ្នក​ស្លាប់ ឬ​របួស​ឡើយ​” ។

ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ក៏​បាន​និយាយ​ដែរ​ថា អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​នៅ​កន្លែង​ថ្មី ​ដែល​ខ្លួន​កំពុង​សាងសង់ដើម្បី​បង្កើន​ការ​ផលិត​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ។ យ៉ាងណា​អគ្គិភ័យ​នេះ មិន​ប៉ះពាល់​ដល់​គ្រឿង​បរិក្ខារ ដែល​មាន​ស្រាប់ ក្នុង​ការ​ផលិត​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ឬ​ឃ្លាំង​ស្តុក​វ៉ាក់សាំង​ជំងឺ​ដទៃ ប្រហែល ៥០​លាន​ដូ​ស នោះ​ឡើយ ។

លោក Adar Poonwala នាយក​ប្រតិបត្តិ បានអោយ​ដឹង​ថា វា​នឹង​មិន​មានការ​ខាតបង់​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ទេ ពីព្រោះ​ក្រុមហ៊ុន​មាន​គ្រឿង​បរិក្ខារ ដែល​អាច​រកបាន​ផ្សេង​ទៀត ។

លោក Poonawalla បាន​មាន​ប្រសាសន៍​បន្ត​ថា “​រហូត​មក​ដល់​ពេល​នេះ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​មិន​មាន​មនុស្ស​ណា​ម្នាក់​បាត់បង់​ជីវិត ឬ​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ បើ​ទោះបីជា​មាន​អាគារ​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ​ដោយសារ​តែ​អគ្គិភ័យ​នេះ​ក៏​ដោយ” ។

រូបភាព​បាន​បង្ហាញ​ពី​ផ្សែង​ខ្មួលខ្មាញ់​ចេញពី​អាគារ ខណៈ​ក្រុម​ពន្លត់អគ្គីភ័យ បាន​ធ្វើការ​ពន្លត់ភ្លើង និង​កម្មករ​ក្រុមហ៊ុន​រាប់​សិប​នាក់ នៅ​ក្នុង​បន្ទប់​មន្ទីរពិសោធន៍ បាន​ចាក​ចេញពី​បរិវេណ​នោះ ។

វិទ្យាស្ថាន​សេរ៉ូម Serum នៃ​ប្រទេស​ឥណ្ឌា គឺជា​អ្នក​ផលិត​វ៉ាក់សាំង​ធំ​ជាងគេ​បំផុត នៅ​លើ​ពិភពលោក ហើយ​បាន​ចុះ​កិច្ចសន្យា ផលិត​វ៉ាក់សាំង​ពី​សាកលវិទ្យាល័យ AstraZeneca / Oxford ចំនួន​មួយ​ពាន់​លាន​ដូ​ស ។

នាយក​ប្រតិបត្តិ​លោក Adar Poonawalla ធ្លាប់​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Associated Press កាលពី​ខែ​មុន​ថា ខ្លួន​សង្ឃឹមថា នឹង​បង្កើន​សមត្ថភាព​ផលិត​ពី ១,៥​ពាន់​លាន​ដូ​ស ទៅ ២,៥​ពាន់​លាន​ដូ​ស​ក្នុង​មួយ​ឆ្នាំ នៅ​ចុងឆ្នាំ ២០២១ ។ រោងចក្រ​ថ្មី គឺជា​ផ្នែក​មួយ នៃ​ការ​ពង្រីក​ដើម្បី​បង្កើន​ការ​ផលិត​វ៉ាក់សាំង ៕

Related posts

Leave a Comment