ឡានធំឆក់យកជីវិតបុរសម្នាក់ ហើយក្រុមគ្រួសារច្រលំស្មានតែប្អូន ក៏ដឹកសពមករៀបចំធ្វើបុណ្យនៅវត្ត ស្រាប់តែលេចមុខប្អូនរបស់ខ្លួននៅរស់ ទើបសុំអភ័យទោស និងប្រកាសរកសាច់ញាតិសព

រាជធានីភ្នំពេញ ៖ រថយន្តសណ្តោងកុងតឺន័រមួយគ្រឿង បានបើកជ្រុលទៅបុកកិនអូសជិះ៥០ម៉ែត្រ ទៅលើបុរសម្នាក់ដែលមានសតិមិនល្អ កំពុងតែដើរឆ្លងផ្លូវ បណ្តាលឲ្យបុរសរូបនោះស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលផ្លូវភ្លាមៗតែម្ដង ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ទុលមុខច្រកចូលចូលបុរីជីបម៉ុង ផ្លូវ៣៧១ សង្កាត់បឹងបឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើ ដែលជាមនុស្សមានសតិមិនល្អ បានស្លៀកកន្សែងពោះគោដើរឆ្លងផ្លូវ៣៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះឆ្លងបានបន្តិច ក៍ស្រាប់តែមានរថយន្តសណ្តោងកុងតឺន័រមួយគ្រឿង ម៉ាកហ៊ីយុនដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-3934 បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនលឿន ក៍ជ្រុលទៅបុកកិនជនរងគ្រោះអូសចូលក្រោមរថយន្តប្រហែលជា៥០ម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះបែកក្បាលធ្លាយខួរនិងបែកសាច់ជាបំណែកស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលកើតហេតុភ្លាមៗតែម្ដង ដោយឡែករថយន្តវិញអ្នកបើកបរបានឈប់រថយន្ដ ហើយចុះរត់គេចខ្លួននបាត់ស្រមោល ដោយបន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានក៍ដូចជាជំនាញចរាចរណ៍បានចុះទៅកន្លែងកើតហេតុ ដោយពិនិត្យមើលសពរបស់ជនរងគ្រោះ មានសភាពមើលមិនស្គាល់ និងអ្នកជិតខាងប្រាប់ថា ស្លៀកកន្សែងពោះគោទៀត ទើបនាំគ្នាសន្ឋិដ្ឋានថាជាឈ្មោះ ចាន់ តារា ហៅអាក្លូ អាយុ៣២ឆ្នាំ (ជាមនុស្សមានសតិមិនគ្រប់) ស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងបឹងទំពុន២ ខណ្ឌមានជ័យ ទើបបង្កការភ្ញាក់ផ្អើលដល់សាច់ញាតិនិងបងប្រុសស្រីរបស់ជនរងគ្រោះមកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំ និងប្រាប់អត្តសញ្ញាណដល់សមត្ថកិច្ចបានដឹងផងដែរ ទើបសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពអោយសាច់ញាតិយកទៅតម្កល់ធ្វើបុណ្យនៅវត្តសំបួរមាស ខណ្ឌដង្កោ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយជាបន្តទៀត ។

តែអ្វីដែលមិនគួរឲ្យជឿ ខណៈពេលយកសពដល់វត្តរៀបចំធ្វើបុណ្យតាមប្រពៃណី ស្រាប់តែប្អូនសតិមិនគ្រប់មិនទាន់ស្លាប់ផង ឃើញលេខមុខដើរនៅតាមផ្លូវ៣៧១នោះដដែល ផ្អើលដល់អ្នកជិតខាងនាំយកទៅវត្តប្រាប់ក្រុមគ្រួសារទើបដឹងថាភាន់ច្រឡំស្មានតែស្លាប់ដោយសាររថយន្តកិនស្លាប់ ទើបសុំធ្វើការបកស្រាយបំភ្លឺ អំពីការភាន់ច្រឡំភិនភាគជនរងគ្រោះថាជាប្អូនប្រុសរបស់គាត់ដែលត្រូវរថយន្តបុកកិនស្លាប់នៅផ្លូវ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យនោះ សពជនរងគ្រោះគឺមិនមែនជាក្រុមគ្រួសារសាច់ញាតិរបស់គាត់ឡើយ ដោយប្អូនរបស់គាត់គឺនៅមានជីវិតនៅឡើយ និងបានមកអង្គុយជិតគាត់បង្ហាញមុខដល់សាធារណជនបានដឹងផងដែរ និងសូមអភ័យទោសផងចំពោះការយល់ច្រឡំនេះ ។

ដូច្នេះហើយប្រសិនបើបងប្អូនណាបាត់សាច់ញាតិ ដែលមានភិនភាគដូចសពជនរងគ្រោះអាចទំនាក់ទំនងមករកនៅវត្តឬស្សីសាញ់ ផ្លូវព្រៃស ខណ្ឌដង្កោ៕

Related posts

Leave a Comment