អាណិតខ្លោចចិត្ត !! ព្រោះជីវភាពខ្វះខាតទើបមកធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូនអាហារដើម្បីបានប្រាក់ខ្លះដោះស្រាយជីវភាព តែអកុសល​ ត្រូវចោរលួចម៉ូតូបាត់….

រាជធានីភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាហារ E-Gets ម្នាក់ជិះម៉ូតូដឹកម្ហូបយកអោយភ្ញៀវ ទុកម៉ូតូមុខហាង ភ្លេចដកកូនសោរចេញ រួចយកម្ហូបអោយភ្ញៀវនៅក្នុងហាង ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូដឹកគ្នាមកទម្លាក់បក្ខពួកម្នាក់ដើរចូលទៅយកជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍ចោរលួចម៉ូតូបានសម្រេចនេះ កើតឡើងកាលពីវេលាម៉ោង០៩:២០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចមុខហាងយីហោ លក្ខណៈពិសេសស្លាបមាន់បំពងសាច់ជ្រូកក្បាលគោ ផ្លូវព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ម៉ូតូដែលចោរលួចយកទៅបាត់នោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ឡើងតែម២០១៥ ពាក់ស្លាកលេខភ្នំពេញ 1BG-0484 ជារបស់ជនរងគ្រោះឈ្មោះ ស៊ឹម ស៊ីណេត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះលេខ២០៨ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកដឹកជញ្ជូនម្ហូបក្រុមហ៊ុន E-Gets ។

បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ខ្មែរណូតថា នៅមុនពេលកើតហេតុ ខ្លួនបានចេញជិះម៉ូតូដឹកជញ្ជូនម្ហូបចេញពីក្នុងកោះពេជ្រ ដើម្បីយកទៅអោយភ្ញៀវបានកម្មង់ នៅហាងកើតហេតុខាងលើ ផ្លូវព្រះនរោត្តម ទល់មុខស្ថានទូតម៉ាឡេស៊ី លុះពេលទៅដល់ខ្លួនបានទុកម៉ូតូនៅពីមុខហាងខាងលើ ប៉ុន្តែភ្លេចដកកូនសោចេញពីម៉ូតូ រួចក៏ដើរក្នុងហាងដើម្បីយកម្ហូបជូនភ្ញៀវហើយប្រហែល៥នាទីក្រោយមក ក៏ចេញមកយកម៉ូតូវិញ ស្រាប់តែបាត់ម៉ូតូអត់ឃើញតែម្ដង ទើបខ្លួនបានទៅសុំបុគ្គលិកហាងដើម្បីឆែកកាមេរ៉ាសុវត្ថិភាព នៅក្នុងហាងកើតហេតុ គឺឃើញជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គូពី ពណ៌ខ្មៅ មើលមិនឃើញស្លាកលេខ បានធ្វើសកម្មភាព ទម្លាក់បក្ខពួកម្នាក់ចូលមកលួចយកម៉ូតូរបស់ខ្លួចេញទៅបាត់តែម្ដង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ រួចរៀបរាប់ប្រាប់ដំណើររឿងទៅកាន់សមត្ថកិច្ចបានដឹង និងដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចស្រាវជ្រាវ និងកំណត់មុខសញ្ញា តាមចាប់ក្រុមជនសង្ស័យទាំងនោះអោយអស់ពីសមត្ថភាពផងដែរ៕

Related posts

Leave a Comment