ពិតណាស់ កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានធ្វើឱ្យមហាជន ក៏ដូចអ្នកសិល្បៈជាច្រើនមានការរំភើបចិត្តជំនួស និង បានសម្ដែងនូវការសាទរដល់រូបលោកគ្រប់គ្នា ដែលលោកត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា»។
ក្រោយពីទទួលបានគោរមងារជា «ឧកញ៉ា» បានប៉ុន្មានថ្ងៃមកនេះ ព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២ នេះ ក៏បានឃើញលើគណនីហ្វេសប៊ុករបស់កំពូលតារាចម្រៀង និង ជាឧកញ៉ា ព្រាប សុវត្ថិ បានធ្វើការបង្ហោះសារបង្ហាញនូវចិត្តរំភើបរីករាយក្រៃលែង ព្រមទាំងធ្វើការថ្លែងពីចិត្តអំណរព្រះរាជគុណចំពោះព្រះករុណា ដែលបានប្រោសព្រះរាជទាន ផ្តល់គោរមងារ «ឧកញ៉ា» ដល់រូបលោក ក៏ដូចជាគោរពអំណរគុណចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា បងប្អូនមហាជនអ្នកគាំទ្រ ក្រោមអន្ថន័យយ៉ាងជ្រាលជៅផងដែរ។
សារនោះ កំពូលតារាចម្រៀងរូបនេះបានសរសេររៀបរាប់ថា ៖ «ទូលព្រះបង្គំជាខ្ញុំ និង ភរិយា សូមក្រាបថ្វាយបង្គំ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បពិត្រព្រះករុណាជីវិតតម្កល់លើត្បូងជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំជាខ្ញុំ និង ភរិយា សូមថ្លែងអំណរព្រះរាជគុណ ប្រកបដោយសមានចិត្តសប្បាយរីករាយបំផុត ដែលព្រះករុណាថ្លៃវិសេស ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ផ្តល់គោរមងារ «ឧកញ៉ា» ដល់ទូលព្រះបង្គំជាខ្ញុំ។
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ អរគុណ ដ៏ជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ លើកទឹកចិត្តដល់ខ្ញុំបាទ ក្នុងការងារសង្គម និង សិល្បៈ។
ខ្ញុំបាទ ព្រាប សុវត្ថិ និង ភរិយា សូមគោរពអរគុណ និង អរគុណ ដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា បងប្អូន មិត្តភក្តិ ដែលបានផ្ញើសារចូលរួមអបអរសាទរដល់ខ្ញុំបាទ ក្នុងឱកាសដ៏ថ្លៃថ្លានេះ»៕