នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបញ្ជាក់ពីមរណភាពរបស់ លោកឧកញ៉ា ឫទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលបានទទួលអនិច្ចកម្មនាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះ ដោយរោគាពាធ ជារឿងដ៏គួរឱ្យសោកស្ដាយ និង រំជួលចិត្តបំផុត។
លោកឧកញ៉ា ឫទ្ធី សំណាង បានឈានជើងចូលក្នុងពិភពសហគ្រិន តាំងពីអាយុ ១៦ ឆ្នាំ ហើយបានប្រឹងប្រែងឆ្ពោះទៅរកភាពជោគជ័យតាមរយៈការខិតខំប្រឹងប្រែង តស៊ូជាមួយការលំបាក និង បញ្ហាប្រឈមនានា ដោយបានផ្លាស់ប្តូរការតស៊ូ ទៅជាជ័យជំនះ ដើម្បីបង្កើតទម្រង់អាជីវកម្មដ៏រឹងមាំ និង ក្លាយជាអ្នកអភិវឌ្ឍន៍ជាតិដ៏ល្អម្នាក់។
បើនិយាយពីសមត្ថភាព និង ការរួមចំណែកក្នុងសង្គមវិញ លោកឧកញ៉ា ឫទ្ធី សំណាង អាចនិយាយបានបួនភាសាផ្សេងគ្នា រួមមាន ចិន អង់គ្លេស ថៃ និង វៀតណាម។ លោកខិតខំផ្តល់ការអប់រំ និង លើកទឹកចិត្តមនុស្សជំនាន់ក្រោយ ឱ្យងើបពីទុក្ខលំបាក ព្រមទាំងបានសាងសង់សាលារៀនជាច្រើននៅក្នុងស្រុក និង ផ្តល់អាហារូបករណ៍ដល់យុវជន ដែលមានទេពកោសល្យ មានក្ដីសុបិន្តចង់ផ្លាស់ប្តូរពិភពលោក ខណៈលោកក៏បានបង្កើតក្រុមបាល់ទាត់ ហើយស្រឡាញ់ការចូលរួមក្នុងការងារសហគមន៍ ជាដើម។
អ្វីដែលកាន់តែពិសេសទៀតនោះ បើយើងក្រឡេកទៅមើលអាជីវកម្មរបស់លោកវិញ គឺលោកក្ដោបក្ដាប់ក្រុមហ៊ុនធំៗ ក្នុងដៃជាច្រើនផងដែរ ដែលមានដូចជា ក្រុមហ៊ុន Pi Pay, ក្លិបបាល់ទាត់ភ្នំពេញក្រោម, K.B Hotel, RSX Investment Co., Ltd និង KBX Invesment Co. Ltd ជាដើម៕