ព្រឺសម្បុរខ្ញាកៗ! ធ្វើកំណាយខាងជើងខ្លោងទ្វារអង្គធំ រកឃើញអាថ៌កំបាំងស្មានមិនដល់

យោងតាមការបង្ហោះ របស់ទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា Apsara National Authority បានបង្ហាញថា អ្នកជំនាញអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា រកឃើញឡដុតភាជន៍ នៅខាងជើងខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គរធំ ដែលគេសន្និដ្ឋានជាបឋមថា ប្រហែលជាស្ថិតក្នុងសម័យអង្គរ ឬ សម័យក្រោយអង្គរ ។

លោកបណ្ឌិត ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរនិងជាប្រធានក្រុមកំណាយបានឱ្យដឹងថា តាមរយៈបំណែកភាជន៍និងបំណែកដីដុតដែលបន្សល់ទុកនៅលើទួលធំវែងរហូតដល់សព្វថ្ងៃនេះ អ្នកស្រាវជ្រាវមួយចំនួនយល់ស្របគ្នាថា ទីតាំងនេះមានភាគរយខ្ពស់អាចជាឡដុតភាជន៍សម័យបុរាណ។

លោក ឆាយ រចនា ប្រធានការិយាល័យអង្គរភាពកុលាលភាជន៍អង្គរនៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរក៏បានបញ្ជាក់ដែរថាតាមរយៈបំណែកក្បឿង យើងអាចសន្និដ្ឋានថា ឡដុតភាជន៍នេះប្រហែលកើតឡើងនៅចុងសម័យអង្គរ ព្រោះក្បឿងប្រភេទនេះមិនសូវឃើញប្រើប្រាស់នៅក្នុងសម័យអង្គរទេ។ ចំពោះឡផលិតភាជន៍នេះ បើតាមការប្រាប់ពីការចងចាំរបស់អ្នកស្រុក ប្រហែលជាអាចជាប់ពាក់ព័ន្ធនឹងការហៅឈ្មោះខ្លោងទ្វារដីឆ្នាំងដែរ ព្រោះជាកន្លែងមានឡផលិតឆ្នាំងដីជាច្រើន៕

Related posts

Leave a Comment