ក្រសួងសុខាភិបាលបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ដែលចិនផ្តល់មកកម្ពុជា អាចចាក់បានតែអ្នកមានអាយុពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំប៉ុណ្ណោះ

យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា ដោយយោងតាមលិខិតលេខ ESY/EC no: 003/2021 ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ជូនដល់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការបញ្ជាក់ជូនថា រដ្ឋាភិបាលចិន នឹងផ្តល់ជាជំនួយវ៉ាក់សាំងចំនួន ៣០ម៉ឺនដូស និងសេរ៉ាំងចំនួន ៣០០.៨០០ ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងលិខិតនេះ ក៏មានការបញ្ជាក់ផងដែរថា អាយុដែលអាចចាក់បាន គឺមានពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី៦០ឆ្នាំ ត្រូវរងចាំលទ្ធផលនៃការសិក្សាសិន។

ដូច្នេះ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើរបាយការណ៍ប្រជុំបន្ទាន់របស់ក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ការចាក់វ៉ាក់សាំងកូវីដ១៩ ជូនសម្តេចតេជោ និងឥស្សរជនជាន់ខ្ពស់ អមដំណើរ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ត្រូវបានលុបចោល រីឯដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងប្រព្រឹត្តិទៅសម្រាប់តែអ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំវិញ ទៅតាមក្រុមអាទិភាពដែលមានចែងនៅក្នុងពិធីសារសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ (ទៅតាមការកែសម្រួលខ្លឹមសារពិធីសារនេះ) ក្រោយពីបានចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត តាមប្រព័ន្ធអនឡាញដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅសប្តាហ៍ក្រោយនេះ ដោយការចាក់វ៉ាក់សាំងនេះ នឹងប្រព្រឹត្តិទៅនៅតាមមន្ទីរពេទ្យរដ្ឋ (ថ្នាក់ជាតិ ខេត្ត និងស្រុក) ទៅតាមពេលវេលានឹងជម្រាបជូនតាមក្រោយទៀត។

រីឯការទទួលវ៉ាក់សាំងកូវីដ១៩ ដែលដឹកជញ្ជូនមកពីសាធារណរដ្ឋប្រជាមានិតចិន គឺនៅទទួលដដែល នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕

Related posts

Leave a Comment