ហ្វេសប៊ុក៖ គិតមកដល់ពេលនេះ រយៈពេលជាងប្រមាណ ៥ ឆ្នាំ មកហើយដែរ ដែលតារាចម្រៀងប្រុសល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈ យុទ្ធ បានបញ្ចប់ភាពនៅលីវ សម្រេចចិត្តកាន់ដៃភរិយាដ៏ស្រស់ស្អាតចូលរោងការកាលពីអំឡុងឆ្នាំ ២០១៧ ដែលលោក និងភរិយាទទួលបានចំណងដៃកូនស្រីមួយរូបមានអាយុជិត ៣ ឆ្នាំ ហើយដែរ ។
ចំណែកឯ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ តារាចម្រៀងប្រុសរូបនេះ ក៏បានបង្ហោះសារអបអរថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍រយៈពេល ៥ ឆ្នាំ ផងដែរ និងបានបង្ហាញនូវចំណងស្នេហ៍ជាមួយភរិយារយៈពេលច្រើនឆ្នាំមកនេះ យ៉ាងកក់ក្តៅ និងមានក្តីសុខបំផុត ។
ជាមួយគ្នានេះផងដែរ លោក ឆាយ វីរៈ យុទ្ធ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “រីករាយខួបអាពាហ៍ពិពាហ៍ Yuth & Dy ៥ ឆ្នាំកន្លង ពិតជាលឿនមែនទែន នៅក្បែរដៃគូដែលយល់ចិត្ត សូមអរគុណភរិយាជាទីស្រលាញ់ បង្កើតគ្រួសារមួយដ៏កក់ក្តៅពោរពេញទៅដោយក្តីស្រលាញ់ជាមួយគ្នា និងតែងតែនៅក្បែរគ្នាគ្រប់កាលៈទេសៈ កំពង់ចាម៖ ២១ ឧសភា ២០១៧ – ២១ ឧសភា ២០២២ ឆាយ វីរៈយុទ្ធ Chhay Virakyuth និង សែ ចាន់ឌី Se Chandy” ។
ម្យ៉ាងវិញទៀត បើនិយាយពីចំពោះជីវិតគ្រួសាររបស់លោក ឆាយ វីរៈ យុទ្ធ សព្វថ្ងៃនេះ តែងតែទទួលបានការសរសើរពីមហាជន និងបណ្តាអ្នកគាំទ្រជាមួយនឹងជីវិតគ្រួសារដ៏មានក្តីសុខខ្លាំង ដែលលោក និងភរិយា បានចាប់ដៃគ្នាសាងគ្រួសារមួយយ៉ាងរីករាយ និងកំពុងជោគជ័យលើមុខជំនួញជាច្រើនក្នុងដៃដែលកាន់តែធ្វើឲ្យគ្រួសាររស់នៅយ៉ាងសោយសុខពេញដោយសុភមង្គលពេញទំហឹង ដែលជាជីវិតគ្រួសារដ៏គួរឲ្យច្រណែនគ្រប់ៗគ្នាស្រមៃចង់បាន ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។