យន្តហោះពិសេសរបស់ចិន បានដឹកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សូមជំរាបថាវ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះមានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូងដោយក្នុងនោះចំនួន ៣០ ម៉ឺនដូសសម្រាប់ ក្រសួងសុខាភិបាលនិង៣០ម៉ឺនដូសទៀតសម្រាប់ក្រសួងការពារជាតិចាក់ឲ្យកងទ័ពនិងគ្រួសារកងទ័ព។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងនៅល្ងាចថ្ងៃទី០៥ខែកុម្ភៈ២០២១ថា៖សម្តេចទើបបានទទួលព័ត៍មានតាមរយៈក្រសួងសុខាភិបាលដែលបានទទួល លិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបញ្ជាក់ថាវ៉ាក់សាំងឈ្មោះ (Sinopharm) ចាក់បានតែមនុស្សមានអាយុពី១៨ ឆ្នាំទៅ៥៩ ឆ្នាំតែប៉ុណ្ណោះ ។ សម្រាប់ខ្ញុំដែលមានអាយុជាង ៦៨ ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ ។ដូចនេះគម្រោង ចាក់វ៉ាក់សាំងដែលគ្រោងចាក់នៅថ្ងៃទី ១០ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោលអាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើនមានអាយុ លើសពី៦០ឆ្នាំទៅហើយមិន អាចចាក់បានទេ ។