រន្ធត់ណាស់ ! រថយន្តមែកសឺដែសស៊េរីទំនើប បើកបុកខឿនពុះចែកផ្លូវ រួចបន្តទៅបុកបង្គោលភ្លើង ក្រឡាប់ផ្ញារជើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ សំណាងមនុស្សនៅក្នុងឡាននាំគ្នាលូនចេញមកក្រៅទាន់ពេល

រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបបើកបួងចង្កូតផ្លូវកោងមិនបន្ថយល្បឿន ទៅបុកខឿនពុះចែកផ្លូវ ហើយបន្តទៅបុកបង្គោលភ្លើងមួយដើមទៀត បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ តែសំណាងល្អមនុស្ស៤-៥នាក់ក្នុងរថយន្ត បានលូនចេញមកក្រៅទាន់ ហើយក៏មានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្ដង បង្កការភ្ញាក់ផ្អើលដល់អ្នកឃើញហេតុការណ៍រាយការណ៍ប្រាប់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីម៉ោង០១:១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះចំណុចផ្លូវកោង លើផ្លូវR5 ជិតរដ្ឋាកទឹក ក្នុងអតីតដីបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Mercedez Benz-CLA ពណ៌ស (មិនស្គាល់ស្លាកលេខ) បើកបរដោយមនុស្សប្រុសស្រីមួយក្រុម មានគ្នា៤ទៅ៥នាក់ បានធ្វើដំណើរតាមផ្លូវR8 ទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ស្រាប់តែរថយន្តបានបួងចង្កូតបត់ទាំងមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកខឿនសួនច្បារពុះចែកផ្លូវ ហើយខ្ទាតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀត បណ្ដាលបណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ និងឆាបឆេះចេញអណ្ដាតភ្លើងកាន់តែខ្លាំងឡើងៗ ភ្លាមៗនោះគេអ្នកមនុស្សប្រុសស្រីមួយក្រុម មានគ្នា៤-៥នាក់ បាននាំគ្នាលូនចេញពីក្នុងរថយន្តម្ដងម្នាក់ៗ មកខាងក្រៅ ហើយដើរទៅរកកន្លែងមានសុវត្ថិភាពសិន បង្កការភ្ញាក់ផ្អើលដល់អ្នកឃើញហេតុការណ៍រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍ផង ។

បន្តិចក្រោយមកគេឃើញសាច់ញាតិម្ចាស់រថយន្តខាងលើ បានបើករថយន្តមកដល់កន្លែងកើតហេតុ ហើយចុះដើរសំដៅទៅរកសាច់ញាតិរបស់ខ្លួនទាំងភ័យតក់ស្លុតយ៉ាងខ្លាំង ព្រោះឃើញអណ្ដាតភ្លើងកំពុងឆេះរថយន្តអស់ស្ទើរទាំងស្រុងទៅហើយ និងមិនឃើញសាច់ញាតិរបស់ខ្លួនទៀត ព្រោះមិនដឹងថាអ្នកនៅក្នុងរថយន្តទាំងអស់ចេញមកខាងក្រៅឡើយ ហើយក៏ស្រែកយំហើយសួររកសាច់ញាតិរបស់ខ្លួន តែដោយមានប្រជាពលរដ្ឋនិងបងប្អូនអ្នកសារព័ត៌មានយើងបានប្រាប់ថា អ្នកនៅក្នុងរថយន្តទាំងអស់មានសុវត្ថិភាពហើយ ទើបសាច់ញាតិដែលបើករថយន្តមកខាងលើប្រញាប់ទៅជួបសាច់ញាតិរបស់ខ្លួនផងដែរ ។ បន្តិចក្រោយមកគេឃើញមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកជួយអន្តរាគមន៍បាញ់ពន្លត់រហូតរលត់ទាំងស្រុងផងដែរ ដោយប្រើប្រាស់ទឹក១គ្រឿងប៉ុណ្ណោះ ។

បច្ចុប្បន្នក្រោយកើតហេតុ រថយន្តត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុងសល់តែគ្រោងឆ្អឹង ត្រូវបានសមត្ថកិច្ចជំនាញ សហការជាមួយសមត្ថកិច្ចមូលដ្ឋានចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរារចណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

Related posts

Leave a Comment