ដំណឹងបន្ទាន់ !! ក្រសួងសុខាភិបាល សម្រេចផ្អាកអគារកាណាឌីយ៉ា ក្រោយរកឃើញបុគ្គលិកធនាគារចិនម្នាក់ផ្ទុកកូវីដ១៩

យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រសួងសុខាភិបាលសូមប្រកាសតាមបណ្តាញព័ត៌មាន Fresh News ជូនសាធារណៈជ្រាបថា ក្រសួងសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយៈពេលខ្លីសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ១៩។

លោកស្រី យក់ សម្បត្តិ បានថ្លែងបញ្ជាក់ប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា កាលពីយប់មិញក្រសួងបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលការិយាល័យធនាគារចិននេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្តង ដូចេ្នះក្រសួងស្នើសុំបិទអគារបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោគ។សូមបញ្ជាក់ថា បុរសជាបុគ្គលិកធនាគារចិនខាងលើនេះ មានទីលំនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកស្រី យក់ សម្បត្តិ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការពាក់ម៉ាសជាការចាំបាច់បំផុតនៅពេលធ្វើដំណើរចេញក្រៅ និងឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ជាមួយទឹកអាគុល និងសាប៊ូ ព្រោះការពាក់ម៉ាស និងលាងដៃជាវិធីដ៏ល្អសម្រាប់ការការពារដល់ខ្លួនយើង និងអ្នកដទៃពីជំងឺដ៏កាចសាហាវនេះ៕

Related posts

Leave a Comment