ប្រពៃណាស់ ! លោកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លា ជូនសម្ដេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ៖ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការប្រកាសរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នឹងទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ។ នេះបើយោងហ្វេសប៊ុកផេក របស់ សម្តេច នាព្រលប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា សម្តេច បានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ អោយត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ យកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ ។

ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនិងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ ។ នាល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ សម្តេច បានបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា? ។

ជាមួយគ្នានេះ សម្តេច ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញ១លានដូស ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និង អ្នកដែលមានហានិភ័យ ។

បើតាមសម្តេចតជោ គឺ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ ព្រោះម្នាក់ត្រូវការចាក់២ដង ក្នុងពេលដែលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង ។

សម្តេច មានប្រសាសន៍ទៀតថា ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម នោះ សម្តេច បានណែនាំរដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង ។


សម្តេច សង្ឃឹមថា ដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយយើង ដោយសម្តេចក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់ ៕

Related posts

Leave a Comment