នៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ តាមរយៈការផ្ដល់ព័ត៌មានពី អភិបាលស្រុក មង្គលបុរី លោក រ័ត្ន ដាស៊ីណង់ បានឱ្យដឹង មានករណីសិស្សសាលាវិទ្យាល័យភ្នំធំ ដួលសន្លប់ចំនួន ២០ នាក់ ដែលមានទីតាំងស្ថិតនៅ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ជុំវិញករណីនេះ យោងតាមការអះអាងរបស់មន្ត្រីអាជ្ញាធរ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យសិស្សជាង ២០ នាក់ទន់ដៃទន់ជើង ដួលសន្លប់នៅវិទ្យាល័យភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មកពីខ្វះជាតិកាល់ស្យូម បម្រែបម្រួលអាកាសធាតុ កត្តាដំណេក និង កុមារដែលដូរវ័យជំទង់ ជាដើម ។
បន្ថែមលើសពីនេះ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងថា សិស្ស ប្រុស ស្រី នៅវិទ្យាល័យភ្នំធំ មានបញ្ហាសុខភាពទាំងនោះត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពភ្នំតូចឃុំភ្នំតូច ទៅគ្លីនិកគ្លីនិចកង់រទេះនៅអូរស្ងួតឃុំបន្ទាយនាងនិងទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបុរី ។ គួរបញ្ជាក់ផងដែរថា មកទល់រសៀលនេះ ក្មេងសិស្សសាលាទាំងនោះ បានធូរស្បើយ ហើយបានចេញស្ទើរអស់ពីពេទ្យហើយ ៕