ឱ្យទៅធ្វើចៅហ្វាយខេត្ត ដូចឱ្យទៅវាតយកដី! អភិបាលខេត្តមណ្ឌលគិរី និងមន្ត្រី៩នាក់ទៀត ប្រឈមនឹងការអស់តំណែង

ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចមួយស្តីពី«ការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវលើករណីការកាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់តំបន់ការពារធម្មជាតិក្នុង ស្ថិតក្នុងខេត្តមណ្ឌលគិរី » ។

តាមប្រភពមិនផ្លូវការមួយ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការស៊ើបអង្កេតបទល្មើសនេះកំពុងដំណើរការយ៉ាងក្តៅគគុក ខណៈមន្ត្រីគ្រាក់ៗប្រមាណ១០នាក់ នៅខេត្តមណ្ឌលគិរីប្រឈមនឹងការអស់តំណែង ។

មន្ត្រីប្រមាណ១០នាក់នៅខេត្តមណ្ឌលគិរី ដែលប្រឈមនឹងការអស់តំណែងនោះរួមមាន ៖
១-លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ។
២-លោក ណយ ស្រុន សមាជិកព្រឹទ្ធសភាភូមិភាគទី៨ ។
៣-លោក ស៊ិន វណ្ណវុឌ្ឈ អភិបាលស្រុកកោះញែក ។
៤-លោក សៀក មុន្នី អភិបាលស្រុកអូររាំង ។
៥-លោកស្រី ថ្ចាន់ ត្រែល ចៅសង្កាត់សែនមនោរម្យ ។
៦-លោក ប៊ុត សំអែល មេឃុំស្រែខ្ទុម ។
៧-លោក ពឿប ពេ មេឃុំស្រែព្រះ ។
៨-លោក សុក សេរ៉ា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។
៩-លោកឧត្តមសេនីយ៍ ជេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ៧១៦ ជាប្រធានការដ្ឋានខ្សែក្រវាត់ព្រំដែន ។
១០-លោក ថាន ប៊ុនធឿន មេបញ្ជាការសឹករងស្រុកកោះញែក ។

សូមបញ្ជាក់ថា យោងតាមសេចក្តីសម្រេច របស់សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា ក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវលើករណីការកាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់តំបន់ការពារធម្មជាតិក្នុង ស្ថិតក្នុងខេត្តមណ្ឌលគិរី នេះមានតួនាទី និងភារកិច្ចដូចខាងក្រោម ៖
-ចុះសិក្សាស្រាវជ្រាវលើករណីនីមួយៗនៃការកាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី តាមរបាយការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឱ្យបានជាក់ស្តែង និងប្រមូលឯកសារ និងភស្តុតាងនានា ពាក់ព័ន្ធជាមួយមន្ត្រី និងអ្នកពាក់ព័ន្ធសកម្មភាពទាំងនោះ ។

-សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងដំណើរការចុះស្រាវជ្រាវនេះ ។
-សិក្សានិងលើកយោបល់អំពីវិធានការដោះស្រាយសមស្របនានាចំពោះករណីនីមួយៗ តាមការជាក់ស្តែង ។

-រៀបចំរបាយការណ៍អំពីលទ្ធផលនៃការចុះពិនិត្យសិក្សា និង វិធានការដោះស្រាយនានា ដើម្បីគោរពស្នើសុំគោលការណ៍ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ។
-អនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង ខាងលើនេះ បានធ្វើឡើងក្រោយពីសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនលោកសេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ពាក់ព័ន្ធករណីឈូសឆាយ និង ទន្ទ្រានយកដីព្រៃចម្ការស្រស់សាធារណៈរបស់រដ្ឋប្រមាណ១ពាន់ហិកតារធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ទាក់ករណីនេះ យើងមិនអាចសុំការបំភ្លឺពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បាននៅឡើយទេ៕

Related posts

Leave a Comment