ថ្មីៗនេះ មហាជនអ្នកគាំទ្រហាក់កំពុងតែចាប់អារម្មណ៍ និង សរសើរយ៉ាងខ្លាំងពីទឹកចិត្តជ្រះថ្លាសន្សំបុណ្យកុសលរបស់តារាសម្តែង ឌី សូនិត្តា និង ស្វាមី គឺលោក អេឡិច ហ្សូរ៉ា ដោយអ្នកទាំងពីរបានសង់ផ្ទះជូនលោកយាយចំណាស់ម្នាក់នៅខេត្តតាកែវ ។
បើតាមការបង្ហោះសារ និង រូបភាពរបស់លោក អេឡិច ហ្សូរ៉ា កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ បានឱ្យដឹងថា «ខ្ញុំបាទ បានជំនួសមុខឱ្យម៉ាក់អូនស្មាយ៍ បានប្រគល់ផ្ទះជូនលោកយាយ យន។
លោកយាយធ្លាប់តែសុំផ្ទះគេនៅ តែឥលូវដោយទឹកចិត្តសប្បុរស និង សទ្ធាដ៏ជ្រះថ្លារបស់ ឌី សូនិត្តា បានសាងសង់ផ្ទះថ្មីមួយជូនលោកយាយ យន (ភូមិស្រែបឹង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ)
តាមរយៈព្រះគ្រូ ថុង រី រស់ដោយធម៌ គង់នៅវត្តព្រៃម្លូ ដែលទាំងអស់នេះកើតឡើងមកដោយទឹកចិត្ត និង ការជួយជាកម្លាំងពីបងៗ ដែលជាកូនសិស្ស ព្រះគ្រូ ថុងរី ផងដែរ។ ករុណាខ្ញុំសូមជូនបុណ្យកុសលដល់បងប្អូនទាំងអស់គ្នា!» ។
ក្រោយពីឃើញទង្វើរបស់ លោក អេឡិច ហ្សូរ៉ា និង ឌី សូនិត្តា ហើយនោះ មហាជនអ្នកគាំទ្រ ក៏កាន់តែសរសើរ និង ជូនពរដល់ក្រុមគ្រួសាររបស់តារា ២ រូបនេះ និង កូនស្រី ឱ្យទទួលបានបុណ្យកុសលដូចអំពើល្អដែលអ្នកទាំងពីរបានសាង ៕