យោងតាមហ្វេសប៊ុកផ្លូវការរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា៖ ក្រសួងមហាផ្ទៃ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្តីពីការផាកពិន័យអន្ដរការណ៍ លើបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល។
សូមបញ្ជាក់ផងដែរថា អនុក្រឹត្យ ស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបចុះហត្ថលេខា ដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ បានកំណត់ថា ការពាក់ម៉ាស ត្រូវធ្វើជាកាតព្វកិច្ច ដោយផ្អែកតាមសកម្មភាពការងារ ឬស្ថានភាពមុខរបររបស់បុគ្គល និងនៅតាមទីកន្លែង ដែលមានហានិភ័យនៃការចម្លង ឬការឆ្លងមេរោគកូវីដ១៩។
អនុក្រឹត្យដដែល ក៏បានកំណត់ថា ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវមានយ៉ាងតិច ១,៥០ម៉ែត្រ ហើយត្រូវអនុវត្តជាកាតព្វកិច្ចនៅទីកន្លែងធ្វើការ ទីតាំងអាជីវកម្ម ឬទីកន្លែងសាធារណៈនានា ដែលមានមនុស្សច្រើន តាមការកំណត់របស់ក្រសួងសុខាភិបាល។
ក្នុងមាត្រា១៩ នៃអនុក្រឹត្យនេះ បានកំណត់ពីការផាកពិន័យពី ២០ម៉ឺនរៀល ទៅ ១លានរៀល ចំពោះអ្នកមិនពាក់ម៉ាស ឬអ្នកមិនអនុវត្តកាតព្វកិច្ចទាក់ទងនឹងការរក្សាគម្លាតសុវត្ថិភាព។ ចំណែកសហគ្រាស ឬគ្រឹះស្ថាន ឬម្ចាស់អាជីវកម្ម ដែលមិនបានអនុវត្តកាតព្វកិច្ចទាក់ទងនឹងការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២លានរៀល ទៅ ១០លានរៀល។
អនុក្រឹត្យថ្មី ដែលគោលដៅប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ក៏បានកំណត់ពីវិធានការសុខភិបាល ចាំបាច់នានា ដែលត្រូវអនុវត្ត មានជាអាទិ៍៖ ការធ្វើអនាម័យ និងការវាស់កំដៅ ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម។
ការយកសំណាកទៅវិភាគរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក ការដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីទទួលការព្យាបាល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ការធ្វើសេចក្តីប្រកាសសុខភាព និងការគ្រប់គ្រង និងចាត់ចែងសាកសព ដែលមានផ្ទុកមេរោគកូវីដ១៩៕