ជឿថានរណាៗក៏ចង់ទទួលបានផ្ទៃមុខស្រស់ស្អាតដែរ ដោយអ្នកខ្លះហ៊ានចំណាយលុយទិញផលិតផលផង ទៅកែសម្ផស្សផង ពេលខ្លះនៅតែគ្មានប្រសិទ្ធភាព។
ជាក់ស្តែងណាស់ ការប្រើប្រាស់ផលិតផលគីមីមិនល្អដូចជាការថែទាំតាមបែបធម្មជាតិនោះឡើយ ហេតុនេះហើយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា គ្រាន់តែអនុវត្តតាមវិធីសាស្រ្តសាមញ្ញងាយៗមួយចំនួនដូចខាងក្រោម អ្នកនឹងទទួលបានផ្ទៃមុខស្រស់ស្អាតជាមិនខាន៖
ទី១. នៅពេលដើរចេញទៅក្រៅផ្ទះត្រូវកម្ដៅថ្ងៃ ហើយត្រឡប់ចូលក្នុងផ្ទះវិញ សូមកុំទាន់លុបលាងមុខភ្លាមៗឱ្យសោះ ត្រូវរង់ចាំយ៉ាងហោចណាស់១៥នាទីសិនសឹមលុបលាងមុខ។ ហេតុអ្វី? ព្រោះថា បើយើងលុបមុខទាំងដែលស្បែកមុខកំពុងតែក្ដៅ វានឹងធ្វើឱ្យស្បែកមុខយើងជាំ ឬរោលមិនខានឡើយ។
ទី២. ការបាត់បង់ជាតិទឹក ឬខ្វះជាតិក្នុងខ្លួន ជាមូលហេតុធ្វើឱ្យស្បែករបស់យើងជ្រីវជ្រួញ គ្រើម និងចាស់ជាងវ័យ។ ដូច្នេះដើម្បីឱ្យស្បែកភ្លឺរលោង និងមានសំណើមល្អ ក្នុងមួយថ្ងៃត្រូវញ៉ាំទឹកឱ្យបានចន្លោះពី៨ទៅ១២កែវ។ ត្រូវចាំថា បើអ្នកញ៉ាំទឹកបានកាន់តែច្រើន នោះស្បែករបស់អ្នកក៏កាន់តែស្រស់ស្អាត និងភ្លឺរលោងផងដែរ។
ទី៣. មនុស្សភាគច្រើនចូលចិត្តយកដៃទៅអង្អែលស្បែកមុខលេង ជាហេតុធ្វើឱ្យស្បែកមុខពួកគេក្រវេមក្រវាមដូចមុខមេអំបៅ។ មានន័យថា ដៃយើងកុំរពិសពេក កុំប៉ះឬអង្វែល កុំឆ្កឹះផ្ទៃមុខលេង ព្រោះដៃយើងពោរពេញទៅដោយមេរោគ។ បើមេរោគនៅជាប់ដៃ ហើយយកដៃទៅអង្អែលផ្ទៃមុខ ឬឆ្កឹះឆ្កៀលផ្ទៃមុខលេង នោះប្រាកដជាធ្វើឱ្យមុខយើងជាំ ឬដំបៅមិនងាយជាឡើយ។
ទី៤. ត្រូវលុបមុខនឹងទឹកក្ដៅឧណ្ហៗឱ្យបានញឹកញាប់។ ទោះបីជារវល់នឹងការងារខ្លាំងយ៉ាងណាក៏ដោយ ក្នុងមួយថ្ងៃត្រូវលុបលាងមុខនឹងទឹកក្ដៅឧណ្ហៗយ៉ាងតិចឱ្យបាន៤ដង ហើយយកកន្សែងស្អាតមកជូតផ្ទៃមុខថ្នមៗ។ ក្នុងរយៈពេលលុបលាងមុខដំបូង ស្បែកមុខឡើងតឹង និងរបកៗបន្តិច ប៉ុន្តែលុះពេលលុបបានប្រហែលជា២ទៅ៣សប្ដាហ៍ក្រោយមក ស្បែកមុខយើងឡើងទន់ល្មើយខុសពីធម្មតា ហើយរលោងថែមទៀតផង។