លោកជំទាវ ឱ​ វណ្ណឌីន ពន្យល់​ពីមូលហេតុមិនបង្ហាញរូបថតអ្នកវិជ្ជមានកូវីដ១៩ថ្មី ដែលក្រសួងទើបតែរកឃើញថ្មីៗនេះ

នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២នាក់នោះ គឺមានម្នាក់ជាករណីនាំចូល និងម្នាក់ទៀតជាអ្នកធ្លាប់ទៅហាង Zando សាខាបឹងកេងកង។

ជុំវិញករណីរកឃើញអ្នកវិជ្ជមានថ្មីនេះ ក៏មានបងប្អូនអ្នកសារព័ត៌មានសួរទៅកាន់លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅក្នុងគ្រុបតេឡេក្រាម ទាក់ទងនឹងមូលហេតុមិនបង្ហាញរូបថតរបស់អ្នកវិជ្ជមានថ្មីនេះ? លោកជំទាវបានមានប្រសាសន៍ឲ្យដឹងថា “យេីងដាក់រូបថតតែពេលដែលសកម្មក្នុងការរុករក។ តែពេលនេះ មិនមានតម្រូវការដាក់ទៀតទេ ដោយយេីងគោរពសិទ្ធិរបស់បុគ្គលដែរណា។ ដាក់ត្រឹមឈ្មោះសិន នៅពេលយេីងគ្រប់គ្រងបានទាំងស្រុងហេីយ យេីងត្រូវត្រឡប់ទៅរកការមិនបញ្ចេញឈ្មោះទៀតផងដែរ។ អរគុណនូវការយោគយល់លេីបញ្ហានេះ”។

បងប្អូនអ្នកសារព័ត៌មានក៏បានសាកសួរទៅកាន់លោកជំទាវទៀតថា “ត្រង់នេះ មានន័យថាក្រសួងសុខាភិបាល និងគ្រប់មន្ត្រីពាក់ព័ន្ធបានរកឃើញនូវអ្នកប៉ះពាល់អស់ហើយនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ? និងអាចនិយាយបានថាក្រសួងឈានទៅគ្រប់គ្រងស្ថានការណ៍ សហគមន៍២៨ វិច្ឆិកាបានហើយ លោកជំទាវ ?”

លោកជំទាវមានប្រសាសន៍ឆ្លើយតបវិញថា “ខ្ញុំមិនទាន់មានការសន្និដ្ឋានបែបនេះនោះទេណា។ ​រងចាំមើលបន្តិចទៀតសិន គ្រាន់តែបច្ចុប្បន្ននេះ ករណីឆ្លងហាក់ដូចជាថមថយខ្លះៗហើយ។ ម្យ៉ាង យើងក៏ត្រូវតែគិតពីសេចក្តីថ្លៃថ្នូ និងសិទ្ធិរបស់បុគ្គលដែរណា គ្មាននរណាម្នាក់ចង់ឲ្យមានការឆ្លងនោះឡើយ។ ​អ្វីដែលសំខាន់នោះ​ គឺយើងត្រូវតែបន្តការប្រុងប្រយ័ត្នថែមទៀត ក្រែងលោ វីរុសកូវីដ-១៩ នេះ វានៅចរាចរកន្លែងផ្សេងទៀតដែលយើងមិនទាន់បានដឹង ព្រោះពេលនេះ គឺជាការចម្លងក្នុងសហគមន៍ជាចង្កោម និងដោយកន្លែង ហើយហានិភ័យនីខ្ពស់នៅឡើយទេណា។ ​​យើងមិនត្រូវធ្វើការសន្និដ្ឋានមុននឹងមានការវាយតម្លៃពីក្រុមការងារឡើយ។ ​អរគុណ”៕

Related posts

Leave a Comment