មានឆ្ងល់ទេ ! ព្រឹកនេះ ហេតុអីមិនបង្ហាញរូបថតអ្នកឆ្លងកូវីដ ទាំង២នាក់…

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២នាក់ថែមទៀត ដោយក្នុងនោះអ្នកឆ្លងម្នាក់ ជាអ្នកបានទៅហាង Zando បឹងកេងកង និងម្នាក់ទៀតជាករណីនាំចូល ដែលធ្វើដំណើមកពីប្រទេសជប៉ុន តែអ្វីដែលចាប់អារម្មណ៍នោះ ក្រសួងមិនបានបង្ហាញរូបថតអ្នកឆ្លងជំងឺកូវីដ ដូចថ្ងៃម្សិលមិញទេ។

សូមបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅព្រឹកនេះ ទី១-បុរសជនជាតិខ្មែរ ឈ្មោះ ខន ប្រសើរ អាយុ៣៧ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទៅហាង Zando សាខាបឹងកេងកង។ លទ្ធផលធ្វើតេស្តសំណាករបស់បុគ្គលខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ទី២- បុរសជនជាតិខ្មែរ ឈ្មោះ យ៉េ វាសនា អាយុ២៩ឆ្នាំ ស្នាក់នៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក របស់បុគ្គលនេះផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ការកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបចំនួន៥០នាក់ ដែលក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ មានបុរសចំនួន២នាក់ បានធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក របស់ពួកគាត់ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលវិជ្ជមាន ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។ រីឯអ្នកដំណើរចំនួន ៤៧នាក់ ដែលអវិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាស ៣៥នាក់ និងនៅសណ្ឋាគារមួយចំនួន ១២នាក់។

ជុំវិញនឹងការមិនបញ្ចេញរូបថតអ្នកកើតកូវីដនៅថ្ងៃនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ថា យើងដាក់រូបថតតែពេលដែលសកម្មក្នុងការរុករក។ តែពេលនេះ មិនមានតម្រូវការដាក់ទៀតទេ ដោយយើងគោរពសិទ្ធិរបស់បុគ្គលដែរណា។ ដាក់ត្រឹមឈ្មោះសិន នៅពេលយើងគ្រប់គ្រងបានទាំងស្រុងហើយ យើងត្រូវត្រឡប់ទៅរកការមិនបញ្ចេញឈ្មោះទៀតផងដែរ៕

Related posts

Leave a Comment