លោកពូប៉ូលីសសម្រួលចរាចរណ៍ នៅខណ្ឌច្បារអំពៅ រស់ ហ៊ន ត្រូវបាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ឧបត្ថម្ភ នូវទឹកប្រាក់ចំនួន…

ក្រោយពីទទួលដំណឹងថា លោកពូប៉ូលីស​សម្រួលចរាចរណ៍ នៅខណ្ឌច្បារអំពៅ ធ្លាក់ខ្លួនមានជំងឺ ហើយចូលសម្រាកនៅមន្ទីរពេទ្យនោះ បានធ្វើឲ្យមហាជនជាច្រើន មានចិត្តអាណិត ដល់លោកពូ ជាខ្លាំង ព្រោះថាធ្លាប់តែឃើញលោកពូ គាត់ធ្វើការ និងជួយសម្រួលដល់បងប្អូនឲ្យបានធ្វើដំណើរងាយស្រួល ទៅវិញទៅមក ដោយមិនគិតពីការនឿយហត់អ្វីឡើយ។

ជាមួយគ្នានោះផងដែរ ក៏មានគណនីហ្វេសប៊ុកមួយបានបង្ហោះសារអំពីរូបរបស់លោកពូ ព្រមជាមួយសារថា “នាងខ្ញុំសូមអធ្យាស្រ័យ..សូមរំខាន មិត្តភក្តិ..បងប្អូនទាំងអស់ដែលរស់នៅខណ្ឌច្បារអំពៅយើង..ថាច្បាស់ជាធ្លាប់ឃើញ…ធ្លាប់ស្គាល់..ព្រោះគាត់តែងតែឈរហាលភ្លៀង..ហាលខ្យល់..ហាលក្តៅ…តែឥឡូវនេះបាត់រូបគាត់មិនឃើញឈរធ្វើចរាចរនៅលើផ្លូវទៀតទេ..ដោយគាត់មានជម្ងឺជាទម្ងន់..ហើយក៍មានការខ្វះខាតថវិកា.សម្រាប់ការព្យាបាលជម្ងឺ…សូមជួយគាត់ផង…ៗៗៗ បើបងមានសប្បុរសជន..មានចិត្តអាណិតចង់ជួយគាត់សូមទំនាក់ទំនងលេខ ទូស៍ព្ទ.. ០៧៧ ៨៧ ៩៧ ៧៧ សូមអរគុណ”។

ដោយឡែកក្រោយពីទទួលបានដំណឹងភ្លាមនោះ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលដឹកនាំអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានអញ្ជើញសួរសុខទុក្ខ លោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកសណ្ដាប់ធ្នាប់ ចរាចរណ៍ នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដែលជាមន្ត្រីសកម្មការងារ ឈរជើងធ្វើចរាចរណ៍នៅភ្លើងស្តុប ផ្លូវជាតិលេខ១ (ផ្សារច្បារអំពៅ) មានជំងឺដុះដំសាច់ក្រោមថ្លើម កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះដែរ លោកស្នងការរង បាននាំយកនៅថវិកាឧបត្ថមរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ៥០០ដុល្លា និងអំណោយអធិការនគរបាលខណ្ឌច្បារអំពៅ រួមមាន ៖ ទឹកសុទ្ធ០៤កេះ, ទឹកក្រូច ០២កេះ, ទឹកដោះគោឆៅ ០២ឡូ និងថវិកា ១.៥០០.០០០រៀល ជូនដល់លោកអនុសេនីយ៍ឯកផងដែរ។

នៅពេលសួរសុខទុក្ខ ក្រុមគ្រួសារលោកអនុសេនីយ៍ឯក បានថ្លែងអំណរគុណចំពោះឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកអធិការ ដែលយកចិត្តទុកដាក់ដល់មន្រី្ត ដែលមានជំងឺ និងជួបការលំបាក៕

Related posts

Leave a Comment