ថាមែនៗ! បុរសម្នាក់ដែលមិនពាក់ម៉ាស ហើយប្រកែកឡើងតឹងសរសៃ.ក និងបោះម៉ាសចោល នៅផ្សារដីហុយ បានទទួលស្គាល់នូវកំហុស ធ្វើការសុំទោសជាសាធារណៈ ក្រោយពេល…មានវិដេអូ

បើយោងតាមផេកផ្លូវការរបស់ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌ បានពិនិត្យឃើញថាមានការបង្ហោះ និងចែករំលែកលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នូវខ្លឹមសារវីដេអូដែលមានបុរសម្នាក់ បានបោះចោលមិនទទួលយកម៉ាសពីក្រុមការងាររបស់សង្កាត់ភ្នំពេញថ្មី ដែលចុះផ្សព្វផ្សាយ និងចែកម៉ាសដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី។

ក្រោយពីទទួលបានព័ត៌មានខាងលើ រដ្ឋបាលខណ្ឌបានចាត់វិធានការស្វែងរកបុរសនៅក្នុងវីដេអូដើម្បីអញ្ជើញមកធ្វើការអប់រំ ។ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌ បានអញ្ជើញបុរសខាងលើ មានឈ្មោះ រនី សាគី អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិច្រាំងចំរេះទី ៨ សង្កាត់ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មកធ្វើការអប់រំណែនាំអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ។ លោក រនី សាគី បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ធ្វើការសុំទោសជាសាធារណៈ សន្យាមិនឲ្យមានកំហុសនេះកើតឡើងជាថ្មីទៀតនោះទេ និងចូលរួមអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ។

ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌ សូមធ្វើការអំពាវនាវដល់សាធារណជនបន្តអនុវត្តអោយបានម៉ត់ចត់ នូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស រក្សាគម្លាត ១,៥ ម៉ែត្រ និងលាងដៃដោយអាល់កុល ឬជែលសម្លាប់មេរោគ ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបព័ត៌មាន ។

Related posts

Leave a Comment