អភិបាលស្រុកវ័យក្មេង ៖ កូវីដ-១៩មិនមែនជាឧបសគ្គរាំងស្ទះដល់ការងារអភិវឌ្ឍន៍មូលដ្ឋាននោះទេ

ខេត្តសៀមរាប៖ កូវីដ-១៩មិនមែនជាឧបសគ្គរាំងស្ទះដល់ការងារអភិវឌ្ឍន៍មូលដ្ឋាននោះទេ។ នេះជាលើកឡើងរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ក្នុងពិធីបើកការដ្ឋានផ្លូវក្រាលគ្រួសក្រហមទទឹង៦ម៉ែត្រ ប្រវែងសរុបជាង ៧គីឡូម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលស្រុក ដើម្បីតភ្ជាប់ជាយុទ្ធសាស្ត្រភូមិដាច់ស្រយាលមួយនៃឃុំឃុនរាម ទៅក្នុងទីប្រជុំជនរបស់ស្រុកបន្ទាយស្រី។

លោកថ្លែងថា៖ដោយសារភាពចាំបាច់ ដែលតម្រូវឱ្យបញ្ចប់ការសាងសង់ផ្លូវថ្មីនេះឱ្យបានមុនដំណាច់ឆ្នាំ២០២០ រដ្ឋបាលស្រុកបានសម្រេចរៀបចំពិធីបើកការដ្ឋានក្នុងទ្រង់ទ្រាយតូចមួយ ដោយមានអ្នកភូមិចូលរួមតិច និងប្រកាន់វិធានការសុវត្ថិភាពតាមរយៈការពាក់ម៉ាស់ និងរក្សាគម្លាត។ ច្រើនឆ្នាំមកហើយ ដែលអ្នកភូមិអូរប៉ោង ស្ថិតនៅដាច់ស្រយាលឆ្ងាយពីគេឯង ពិបាកទាំងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ការទទួលសេវារដ្ឋបាល សេវាសុខាភិបាល ក៏ដូចជាការបញ្ជូនកូនចៅទៅមកសាលារៀន ដោយត្រូវផ្ញើរខ្លួនទៅនឹងឃុំដទៃ និងប្រើប្រាស់ផ្លូវវាងដែលមានចម្ងាយឆ្ងាយ។

លោកថា៖ ផ្លូវថ្មី ត្រង់ ហើយធំទូលាយមួយខ្សែនេះ នឹងសមាហរណកម្មអ្នកភូមិអូប៉ោងចូលទៅក្នុងបណ្តាញហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុក តភ្ជាប់ដោយផ្ទាល់មកកាន់ផ្លូវហាយវេលេខ៦៦នៃភូមិកំព្រហ្ម ធ្វើឱ្យចំណេញការធ្វើដំណើរជាង១០គីឡូម៉ែត្រ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយធ្វើឱ្យការបម្រើសេវារដ្ឋបាល អប់រំ និងសុខាភិបាលជូនបងប្អូនសហគមន៍នៅតំបន់នេះនឹងមានភាពប្រសើរជាងមុន។ ភាពងាយស្រួលថ្មីនេះក៏នឹងជម្រុញចរន្តសេដ្ឋកិច្ចឱ្យមានភាពរលូនជាងមុន ជាពិសេសសម្រាប់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ដែលសូម្បីតែការដឹកជញ្ជូនកសិផលមកពីភូមិឃុំនៅក្នុងស្រុកអង្គរធំ(ដែលជាប់ព្រំប្រទល់ជាមួយនឹងស្រុកបន្ទាយស្រី)ក៏នឹងទទួលបានផលប្រយោជន៍ពីផ្លូវថ្មីនេះដែរ៕

Related posts

Leave a Comment