កាលពីប៉ុន្មានថ្ងៃកន្លងទៅ មហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង កើតក្ដីអាណិតអាសូរ ទៅលើកុមារាម្នាក់ អាយុទើបតែ ៦ ឆ្នាំ រកឃើញវិជ្ជមានកូវីដ-១៩ ឆ្លងពីម្ដាយ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានដើរឡើងឡានពេទ្យតែម្នាក់ឯង ដើម្បីបានទៅជួបម្ដាយដែលកំពុងសម្រាកព្យាបាល នៅសណ្ឋាគារ ដឹក្រេតឌុក ។
ជាក់ស្ដែង នៅថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២១ នេះ តាមរយៈគណនីឈ្មោះ ជ្រិន សុបញ្ញា បានបង្ហោះសារជាមួយនឹងរូបភាពឱ្យបានដឹងថា កុមារាខាងលើ នឹងបងស្រីរបស់ខ្លួន គឺត្រូវបានព្យាបាលជាសះស្បើយហើយ ប៉ុន្តែគឺត្រូវបន្តធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃបន្តទៀតនៅផ្ទះក្នុងភូមិសាស្ត្រ ខណ្ឌឫស្សីកែវ ។
យ៉ាងណាមិញ ក្រោយពីទទួលបានដំណឹងនេះ មហាជននាំគ្នាត្រេកអរជំនួស និង បាននាំគ្នាជូនពរឱ្យក្រុមគ្រួសារ របស់អូនតូច បានជាសះស្បើយទាំងអស់គ្នា អាលនឹងបានជួបជុំគ្នា ជាគ្រួសារកក់ក្ដៅ ក្រោមដំបូលតែមួយ ៕