យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គិតពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ បានអោយដឹងថា ក្រុមគ្រូពេទ្យរបស់កម្ពុជាយើង បានព្យាបាលអ្នកជំងឺកូវីដ១៩ ឱ្យជាសះស្បើយបានចំនួន ៤១៣ នាក់ហើយ។
តាមប្រភពក្រសួងសុខាភិបាលដដែលបានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យបានព្យាបាលជាសះស្បើយចំនួន១៦នាក់។
ចំណែកនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នេះក្រុមគ្រូពេទ្យបានព្យាបាលជាសះស្បើយចំនួន ៣២៩ នាក់។
សម្រាប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នេះក្រុមគ្រូពេទ្យបានព្យាបាលជាសះស្បើយចំនួន ៦៨នាក់។
គួរជម្រាបថា រយៈពេលបីថ្ងៃជាប់ៗនៃដើមខែថ្មីនេះ ក្រុមគ្រូពេទ្យនៅប្រទេសកម្ពុជាបានព្យាបាលអ្នកជាសះស្បើយអស់ចំនួន៤១៣ នាក់ហើយ ហើយកាលពីម្សិលមិញនេះកម្ពុជាក៏រកឃើញជនជាតិកូរ៉េអាយុ ៤៨ ឆ្នាំម្នាក់ស្លាប់ដោយសារកូវីដ១៩ផងដែរ។
សូមបញ្ជាក់ថា បើទោះបីជា បីថ្ងៃនេះក្រុមគ្រូពេទ្យបានព្យាបាលឱ្យជាសះស្បើយចំនួន ៤១៣ នាក់ក៏ដោយ ប៉ុន្តែអ្នកឆ្លងជំងឺកូវីដ១៩នៅតែបន្តឆ្លងដដែល ដូច្នេះសូមបងប្អូនទាំងអស់គ្នាថែរក្សាសុខភាព ហើយបើមិនមានការចាំបាច់ទេកុំចេញក្រៅផ្ទះ ហើយត្រូវលាងដៃជាមួយអាល់កុល ពាក់ម៉ាសអោយបានគ្រប់ពេល។
ជាពិសេសនោះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចអនុវត្តវិធានការ “៣ការពារ និង៣កុំ” ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសុវត្ថិភាពនិងថែរក្សាអនាម័យឱ្យជាប់ជាប្រចាំដើម្បីទប់ស្កាត់ការរីករាលដាលនិងការចម្លងជំងឺកូវីដ១៩ក្នុងសហគមន៍៕