អ្នកជំនាញណែនាំឲ្យពលរដ្ឋហាមផឹកស្រាបើសិនចង់ចាក់វ៉ាក់សាំងជំងឺកូវីដ ១៩

រុស្សី៖ ពលរដ្ឋរុស្សីហាក់មិនសប្បាយចិត្តទាល់តែសោះក្រោយអាជ្ញាធរសុខាភិបាលខ្លួនបានជូនដំណឹងថា ពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ គួរផ្អាកការទទួលទានគ្រឿងស្រវឹងជាច្រើនសប្តាហ៍ទាំងមុននិងក្រោយពេលចាក់វ៉ាក់សាំង។ ការផ្តល់ដំបូន្មាននេះត្រូវបានធ្វើឡើងដោយលោកស្រី Anna Popova ដែលជាគ្រូពេទ្យនិងជាមន្ត្រីសុខាភិបាលសាធារណៈជាន់ខ្ពស់មួយរូបរបស់រុស្សី ហើយមូលហេតុដែលពលរដ្ឋត្រូវចាក់វ៉ាក់សាំងគួរតែផ្អាកទទួលទានគ្រឿងស្រវឹងនោះត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដើម្បីឲ្យប្រព័ន្ធការពាររាងកាយរបស់ពួកគាត់រឹងមាំអាចឆ្លើយតបជាមួយនឹងវ៉ាក់សាំងបាន។

លោកស្រីបានបន្តថា មុនពេលចាក់វ៉ាក់សាំងម្តងពលរដ្ឋគួរផ្អាកទទួលទានគ្រឿងស្រវឹងចំនួន ២ សប្តាហ៍ និង ៦ សប្តាហ៍ក្រោយពេលចាក់វ៉ាក់សាំង ហើយដោយមនុស្សម្នាក់ត្រូវចាក់វ៉ាក់សាំងចំនួន ២ ដង ដែលមានគម្លាតនៃការចាក់ពីគ្នាចំនួន ២១ ថ្ងៃ ឬ ៣ សប្តាហ៍នោះ មានន័យថា ទាំងមុនពេលចាក់និងក្រោយពេលចាក់វ៉ាក់សាំងទាំង ២ ដងនេះ ពលរដ្ឋត្រូវផ្អាកទទួលទានស្រាសរុបរហូតដល់ ១១ សប្តាហ៍ជាប់គ្នា។

យ៉ាងណាក្តី ក្រុមអ្នកជំនាញផ្នែកសុខភាពជាច្រើនទៀតហាក់មិនគាំទ្រនឹងការលើកឡើងខាងលើនេះទាំងស្រុងឡើយ ដោយពួកគាត់យល់ថាវាមានលក្ខណៈដាច់ខាតខ្លាំងពេក។ ពួកគាត់បានបញ្ជាក់ថា ការទទួលទានគ្រឿងស្រវឹងក្នុងបរិមាណតិចតួចដូចជា ស្រាបៀរឬស្រាក្រហមមួយកែវក្នុងមួយថ្ងៃគឺវាគ្មានបញ្ហាអ្វីនោះទេសម្រាប់អ្នកចាក់វ៉ាក់សាំង។ សូមបញ្ជាក់ជូនថា រុស្សីគឺជាប្រទេសមួយដែលមានអ្នកទទួលទានគ្រឿងស្រវឹងក្នុងបរិមាណដ៏ច្រើនសម្បើម បើធៀបទៅនឹងប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ហើយគេជឿថាការស្នើឲ្យពលរដ្ឋរុស្សីផ្អាកទទួលទានគ្រឿងស្រវឹង ឬទទួលទានត្រឹមមួយកែវក្នុងមួយថ្ងៃនោះគឺមិនមែនជារឿងងាយឡើយ៕

Related posts

Leave a Comment