ល្អមែន!រុស្ស៊ីបញ្ជូនយន្តហោះ៥គ្រឿងផ្ទុកទៅដោយជំនួយ និងបុគ្គលិកពេទ្យទៅកាន់លីបង់ (Photo inside)

(ម៉ូស្គូ)៖ រដ្ឋាភិបាលរុស្ស៊ីបានសម្រេចបញ្ជូនបុគ្គលិកពេទ្យ និងជំនួយសង្គ្រោះបន្ទាន់ ផ្នែកវេជ្ជសាស្ត្រ ដោយដឹកតាមយន្តហោះចំនួន ០៥គ្រឿងទៅកាន់ប្រទេសលីបង់ បន្ទាប់ពីការផ្ទុះដ៏កក្រើកនៅរដ្ឋធានីបេរូត បានបង្កឲ្យមនុស្ស ១០០នាក់ស្លាប់ និងជាង ៤,០០០នាក់រងរបួស ខណៈមន្ទីរពេទ្យកំពុងជួបបញ្ហាធ្ងន់ធ្ងរ ដោយសារត្រូវរ៉ាប់រងចំនួនអ្នកឆ្លង COVID-19 ផង និងត្រូវទទួលអ្នករងរបួស ក្នុងហេតុការណ៍ផង។ នេះបើតាមការចេញផ្សាយដោយ CNN នារសៀលថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។

ចំពោះស្ថានការណ៍ COVID-19 ពេលនេះលីបង់មានករណីឆ្លងសរុបជាង ៥,០០០ករណី ក្នុងនោះស្លាប់ ៦៥នាក់ ដែលជាចំនួនទាបនៅឡើយ បើធៀបនឹងអ៉ីស្រាអែលដែលជាប្រទេសជិតខាង។ ទោះជាបែបនេះក្តី ការសង្គ្រោះបន្ទាន់ក្រោយករណីផ្ទុះ នៅកំពង់ផែលីបង់ខាងលើនេះ គឺពិតជាចាំបាច់ខ្លាំង ព្រោះតែក្រុមសង្គ្រោះ ត្រូវការពារអ្នករងរបួស ពីការឆ្លង-ចម្លងជំងឺ COVID-19 ក្នុងពេលតែមួយ។

គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះដ៏កក្រើកខាងលើនេះ គឺស្ថិតនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត កាលពីម៉ោង ១៨៖០០នាទីល្ងាច ថ្ងៃអង្គារម្សិលមិញ (ម៉ោងនៅទីក្រុងបេរូត)។ រដ្ឋាភិបាលលីបង់បានប្រកាស កាន់ទុក្ខរយៈពេល ០៣ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃពុធនេះតទៅ។

អាជ្ញាធរលីបង់បានបញ្ជាក់ថា សារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ទម្ងន់ ២,៧៥០តោន ត្រូវបានរក្សាទុកក្នុងឃ្លាំងនោះអស់រយៈពេល ០៦ឆ្នាំមកហើយ ដោយគ្មានការរក្សាសុវត្ថិភាពត្រឹមត្រូវ ទើបបានជាបណ្តាលឲ្យវាផ្ទុះយ៉ាងកក្រើក។ លីបង់បានសន្យាថា នឹងរកមុខអ្នកទទួលខុសត្រូវលើ សោកនាដកម្មនេះ ព្រមទាំងដាក់ទោសឱ្យធ្ងន់ធ្ងរជាទីបំផុត៕

Related posts

Leave a Comment