ដោយៈ ប.ខុន / ភ្នំពេញៈ ការអនុវត្តគម្រោង ស្តារបឹងបួរធម្មជាតិ ចំនួន ២២ កន្លែង នៅស្រុក មុខកំពូល ធ្វើឱ្យប្រជាពលរដ្ឋ ចំនួន ៤៦ នាក់ នៅក្នុងឃុំរការកោង២, ស្វាយអំពារ និងឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល លើកគ្នាមកតវ៉ា ដល់ក្រសួងធនធានទឹក និងឧតុនិយម ដែលជាម្ចាស់គម្រោងខាងលើ ផ្អាកសកម្មភាព ព្រោះប៉ះពាល់ដល់ដី ដែលប្រជាពលរដ្ឋ បានកាន់កាប់ និងអាស្រ័យផល តាំងពីឆ្នាំ ១៩៨៨ ។
ប្រជាជនមួយក្រុម កាលពីវេលាថ្ងៃទីត្រង់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បាននាំគ្នាមកដល់ក្រសួង ធនធានទឹក ក្បាលថ្នល់ ដោយកាន់មកជាមួយ នូវពាក្យស្នើសុំ អន្តរាគមន៍ បញ្ឈប់ការអភិវឌ្ឍ ជីកស្តារមេទឹក នៅក្នុងឃុំរការកោង២, ស្វាយអំពារ, និ ងឃុំព្រែកដំបង ស្រុកមុខកំពូល បន្ទាប់ពីបានទៅដាក់ពាក្យ នៅសាលាស្រុកមុខកំពូល និងសាលាខេត្តកណ្តាល រួចមក។
ពាក្យសុំអន្តរាគមន៍របស់ ប្រជាពលរដ្ឋខាងលើ ត្រូវបានមន្ត្រីក្រសួងធនធាន ទឹកនិង ឧតុនិយម ទទួល តែមិនទាន់មានលទ្ធផល តបយ៉ាងម៉េចទេ ដោយត្រូវរង់ចាំមន្ត្រីជំនាញ បច្ចេកទេស ចុះទៅពិនិត្យដល់មូលដ្ឋាន ជាក់ស្តែង ដែលក្រុមការងាររបស់ក្រសួង កំពុងអនុវត្តគម្រោង។
នៅក្នុងពាក្យសុំអន្តរាគមន៍ ដែលពលរដ្ឋនេះ បានសរសេរថាៈ ” សូមលោករដ្ឋមន្ត្រី ជួយទប់ស្កាត់ការស្តារដីផ្លូវឆ្ការ លើដីកសិកកម្ម និងដីលំនៅដ្ឋាន (តំបន់ផ្លូវឆ្ការ ) ដែលមាន ទីតាំងស្ថិតនៅ ឃុំរការកោង២ , ស្វាយអំពារ, និងឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងពាក្យសុំខាងលើ បានយោងលិខិតប្រកាស លេខ ១៤៧៧ ធទឧ និង១៤៧៨ ធទឧ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម និងបានរៀបរាប់ថាៈ ” ពួកយើងខ្ញុំ ជាប្រជាពលរដ្ឋ ដែលកំពុងកាន់កាប់ដីកសិកម្ម និងលំនៅដ្ឋាន (ដីផ្លូវឆ្ការ) ដែលដីផ្លូវឆ្ការនេះ មានប្រវត្តិ ជាដីកាន់កាប់ ដោយពួកយើង តាំងពីឆ្នាំ១៩៨៨ មក។ ដីនេះ ជាដីកសិកម្មធម្មតាហើយពួកយើងខ្ញុំបានលក់ អាចដី ឱ្យទៅឈ្មួញធ្វើឡឥដ្ឋដើម្បី យកធ្វើ ជាស្រះទឹក ដើម្បីប្រើប្រាស់ ទើបមានជម្រៅ ជ្រៅ ជាងដីធម្មតា មើលទៅដូចជាមេទឹក តែដីទាំងអស់នេះ ជាដីឯកជនរបស់ពួកយើងខ្ញុំទេ មិនមែន ជាដីរួមឡើយ។ ដីនោះស្ថិត នៅឃុំរការកោង២, ស្វាយអំពារ និង ឃុំព្រែកដំបង ស្រុកមុខកំពូល ដែលបច្ចុប្បន្នពួកយើង ខ្ញុំ កំពុងធ្វើកសិកម្ម និងតាំង លំនៅដ្ឋាន នៅលើដីនោះ ដោយពួកយើង កំពុងធ្វើកសិកម្ម ដូចជាធ្វើចម្ការ ចិញ្ចឹមត្រី និងតាំងលំនៅដ្ឋាន ជាដើម ដោយមានព័ត៌មានថាខាងក្រសួង ធនធានទឹក និងឧតុនិយម នឹងធ្វើការស្តារមេទឹកលើដី ដែលពួកយើង បាននិងកំពុងកាន់កាប់ ជាយូរយាណាស់មកហើយនេះ ដែលអាចនឹងប៉ះពាល់ ដល់ការអាស្រ័យផល លើដីនេះ ដូចនេះពួកយើងខ្ញុំ ស្នើសុំឱ្យលោករដ្ឋមន្ត្រី ជួយអន្តរាគមន៍ ដល់អាជ្ញាធរពាក់ព័ន្ធ មេត្តា ពិនិត្យ និងបញ្ឈប់លើការអភិវឌ្ឍ ក្នុងការស្តារធ្វើមេទឹកនេះ ដោយហេតុថា ដីនេះ មិនមែនជាដីដែលបម្រើ ផលប្រយោជន៍សាធារណៈ សម្រាប់សហគមន៍យើងខ្ញុំនោះទេ ហើយនៅជិតដីផ្លូវឆ្ការនេះ ក៏មានបឹងព្រែក សម្រាប់ស្តុកទឹកផងដែរ ។
ពួកយើងដែលជាប្រជាពលរដ្ឋ នៅសហគមន៍នេះ ក៏មិនមានតម្រូវការ លើការស្តារ ធ្វើ ជាមេទឹកនោះទេ និងស្នើសុំលោករដ្ឋមន្ត្រី មេត្តាអនុញ្ញាតឱ្យពួកយើងខ្ញុំ បានបន្តកាន់កាប់ និងអាស្រ័យផលលើដី ដែលក្រសួងធនធានទឹក និងឧតុនិយម ចង់ស្តារ ធ្វើមេទឹកនោះ ដោយអនុគ្រោះ “។ លិខិតសុំអន្តរាគមន៍ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដោយពុំមានការ បញ្ជាក់ ពីមូលដ្ឋាននេះ មានឈ្មោះ និងស្នាមមេដៃប្រជាពលរដ្ឋ ដែលបានអះអាងថា ជាអ្នកកាន់ កាប់ដីខាងលើ ចំនួន ៤៦ នាក់។
គួររំលឹកឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានជម្រាបទៅប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល អំពីការស្តារបឹងបួរ អូរធម្មជាតិ ចំនួន ២២ កន្លែង ស្ថិតនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាលដោយនៅក្នុងលិខិត លេខ ១៤៧៨ ធទឧ បានសរសេរថាៈ ” ដើម្បីឱ្យក្រសួង ធនធានទឹក និងឧតុនិយម ធ្វើការអនុវត្តផែនការ ការងារ រយៈពេលវែង លើវិស័យធារាសាស្ត្រ ទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព ខ្ពស់ និងមាននិរន្តរភាពនោះ ក្រសួងធនធានទឹក និងឧតុនិយម នឹងធ្វើការស្តារបឹងបួរ អូរធម្មជាតិ ចំនួន ២២ កន្លែង ក្រោមក្រប ខណ្ឌគម្រោងសាច់ប្រាក់ ពលកម្ម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករសម្រាប់ការ កំណត់ព្រំប្រទល់ បឹងបួរ អូរធម្មជាតិ ដើម្បីរក្សាទុក ជាទ្រព្យសម្បត្តិរបស់រដ្ឋដែលស្ថិតនៅ ស្រុកមុខកំពូល ខេត្តកណ្តាល។ ដូចនេះ ដើម្បីឱ្យការងារស្តារឡើងវិញនូវបណ្តាអនុ គម្រោងខាងលើ ប្រព្រឹត្តទៅបានល្អ និងទទួលបានជោគជ័យ សូមលោកប្រធានចាត់ វិធានការ ជាមួយនឹងអាជ្ញាធរដែនដី ដែលពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគម្រោង ខាងលើ រួមមានលោកអភិបាលស្រុក មេឃុំ ប្រធានភូមិ ដើម្បីធ្វើការសហការជាមួយ នឹងផ្នែកគ្រប់គ្រងគម្រោង របស់ក្រសួង ក្នុងការអនុវត្ត សកម្មភាពការងារ ស្តារបឹងបួរ អូរធម្មជាតិឱ្យសម្រេច បានល្អប្រសើរ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព ” ៕/V-PC