សូមប្រុងប្រយ័ត្ន៖ ពលករមកពីថៃតាមច្រកអន្តរជាតិអូរស្មាច់១៧៦នាក់មាន៣៥នាក់ មកពីតំបន់ផ្ទុះករណីឆ្លងកូវីដ-១៩នៅប្រទេសថៃ បច្ចុប្បន្នពួកគាត់កំពុងតែ…..

(ឧត្តរមានជ័យ)៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រលប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា ក្នុងចំណោមពលករមកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ចំនួន១៧៦នាក់ មានពលករចំនួន៣៥នាក់ ត្រូវបានបញ្ជូនទៅយកសំណាករកមេរោគកូវីដ-១៩។

លោកឃ្លោក ហួត បានថ្លែងអោយដឹងយ៉ាងដូច្នេះទៀតថា៖ «មូលហេតុដែលក្រុមគ្រូពេទ្យយកសំណាករបស់ពលករទាំង៣៥នាក់ ក្នុងចំណោម១៧៦នាក់នេះ គឺដោយសារពួកគាត់មកពីខេត្តនិងតំបន់នានាដែលកំពុងផ្ទុះករណីឆ្លងមេរោគកូវីដ-១៩ នៅក្នុងប្រទេសថៃ ហើយចំណែកឯអ្នកមួយចំនួនទៀតគឺមានអាការៈផ្តាសាយ និងហៀសំបោរ»។

លោកប្រធានមន្ទីរសុខាភិបាល បានថ្លែងបញ្ជាក់ទៀតថា៖ «ពេញមួយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ពលករខ្មែរចំនួន១៧៦នាក់ បានចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោកថាក្នុងចំណោមពលករទាំង១៧៦នាក់ គឺមានស្រី៧៤នាក់ ត្រូវបានដឹកជញ្ជូនតាមរថយន្តយកទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្រុងសំរោង ហើយក្នុងចំណោម១៧៦នាក់ គឺមាន៣៥នាក់ត្រូវបានបញ្ជូនទៅយកសំណាក ដោយសារ ដោយសារពួកគាត់ត្រឡប់មកពីតំបន់ប្រឈមនានានៅក្នុងប្រទេសថៃពាក់ពន្ធ័និងមេរោគកូវីដ-១៩។

តាមរយៈលោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ លោក ឃ្លោក ហួត សូមថ្លែងនូវការអរគុណដល់លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ដែលបានផ្តល់នូវធុងបាញ់ថ្នាំសម្លាប់មេរោគដល់មន្ទីរសុខាភិបាល សម្រាប់ធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនៅតាមមណ្ឌលចត្តាឡីស័ក ដែលទើបរៀបចំនិងបន្តរៀបចំ។ ជាមួយគ្នានេះដែរ លោកក៍ថ្លែងនូវការអរគុណចំពោះកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួមសហការក្នុងការដឹកជញ្ជូនពលករយកទៅគោលដៅធ្វើចត្តាឡីស័ក៕

Related posts

Leave a Comment