បន្ទាយមានជ័យ៖ ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារណែនាំដល់អាជ្ញាធរខេត្តជាប់ព្រំដែនថៃ ដើម្បីពង្រឹងការងារត្រួតពិនិត្យចត្តាឡីស័ក ចំពោះអ្នកឆ្លងដែនពីប្រទេសថៃ រួចមក នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ថៃបានបញ្ចូនពលករខ្មែរ ៧១នាក់ តាមច្រកអូរបីជាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ បានប្រាប់ថា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ភាគីថៃបានបញ្ជូនពលរដ្ឋខ្មែរ ចំនួន ៧១នាក់ ដោយមានទាំងអ្នកមានផ្ទៃពោះ និងកុមារ។ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ១៩៩នាក់ ( ស្រី ៨៧នាក់ )។ ក្នុងនោះ បើគិតចាប់ពីក្រោយពេលដែលផ្ទុះកូវីដ១៩ មកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ភាគីថៃបានបញ្ជូនពលរដ្ឋខ្មែរ ត្រឡប់មកវិញ សរុបចំនួន ៥៨.២៩០នាក់ ( ស្រី ២៦.៣៥១ នាក់ )។
លោក លី សុវណ្ណារិទ្ធ បានបន្តថា ប្រជាពលរដ្ឋខ្មែរទាំង ៧១នាក់ ដែលត្រូវបានភាគីថៃ បញ្ជូនមកតាមច្រកអូរបីជាន់ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ គឺត្រូវបានត្រួតពិនិត្យសុខភាពបឋម នៅច្រកអូរបីជាន់ ហើយត្រូវបានដឹកជញ្ជូនដោយរថយន្តបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យកូប ក្នុងស្រុកអូរជ្រៅ៕ ប៊ុន ធឿន