ប្រុងប្រយ័ត្នកូនៗផង !! អ្នកវិទ្យាសាស្ត្រនិយាយថា ជំងឺកូវីដ១៩ប្រភេទថ្មីនៅអង់គ្លេស ងាយស្រួលចម្លងទៅកុមារ និងឆ្លងលឿនជាងមុន ៧០%

ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសកាលពីថ្ងៃច័ន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ បាននិយាយថា មេរោគ COVID-19 ប្រភេទថ្មី ដែលបានចម្លងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអង់គ្លេស អាចចម្លងទៅកុមារបានយ៉ាងងាយស្រួលដូចជាមនុស្សធំដែរ។ អ្នកវិទ្យាសាស្ត្រមកពីក្រុមប្រឹក្សារដ្ឋស្តីពីការគំរាមកំហែងប្រព័ន្ធដង្ហើមរបស់រដ្ឋាភិបាល (NERVTAG) ដែលកំពុងតាមដានការផ្លាស់ប្ដូរនេះបាននិយាយថា បញ្ហានេះបានក្លាយជាសម្ពាធយ៉ាងខ្លាំងសម្រាប់ភាគខាងត្បូងនៃអង់គ្លេស ហើយឆាប់ៗនេះអាចនឹងដូចគ្នានៅទូទាំងប្រទេស។

លោក Peter Horby សាស្ត្រាចារ្យផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យ Oxford និងជាប្រធាន NERVTAG បាននិយាយថា៖«ឥឡូវនេះយើងមានទំនុកចិត្តខ្ពស់ថា ប្រភេទថ្មីនេះពិតជាមានការចម្លងច្រើនជាងប្រភេទដទៃទៀត ដែលបច្ចុប្បន្នមាននៅចក្រភពអង់គ្លេស»។ ចំណែកលោក Neil Ferguson ដែលជាសាស្រ្តាចារ្យ និងអ្នកជំនាញផ្នែករោគឆ្លងនៃសាកលវិទ្យាល័យ Imperial College London និងជាសមាជិកនៃ NERVTAG ក៏បានមានប្រសាសន៍ថា ជំងឺនេះមានលទ្ធភាពខ្ពស់ក្នុងការចម្លងមកកាន់កុមារ ដោយសារតែរបៀបនៃការចម្លងចូលកោសិកាមានភាពខុសពីមុន ហើយពួកគាត់កំពុងប្រមូលទិន្នន័យបន្ថែមទៀត។

យ៉ាងណាក៏ដោយវាមិនមានសញ្ញាថា មេរោគប្រភេទថ្មីនេះអាចបង្កឱ្យមានអត្រាស្លាប់ខ្ពស់ ឬអាចឱ្យមានការឈឺធ្ងន់ធ្ងរនោះទេ ដូច្នេះការប្រមូលទិន្នន័យបន្ថែមនឹងជួយដល់ការសិក្សាអំពីដំណើររបស់ជំងឺនេះ។ ហ្សែនថ្មីនៃវីរុស SARS-CoV-2 (COVID-19) ដែលកំពុងផ្ទុះនៅអង់គ្លេសនេះ គឺមានការចម្លងច្រើនជាងមុន ៧០% ដែលធ្វើឱ្យប្រទេសជិតខាងបិទទ្វារមិនឱ្យចេញចូលអង់គ្លេស ក្នុងអំឡុងពេលបុណ្យណូអែល និងឆ្នាំថ្មីនេះទេ៕

Related posts

Leave a Comment